គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីឡាវ ចូលជួបសម្ដែងការគួរសមនៅវិមានរដ្ឋសភា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    សម្ដេចពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីឡាវ ចូលជួបសម្ដែងការគួរសមនៅវិមានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីឡាវ ចូលជួបសម្ដែងការគួរសមនៅវិមានរដ្ឋសភា

    ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។

    ឯកឧត្ដម ផនខាំ វីផាវ៉ាន់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភាដែលបានទទួលជួបសវនការជាមួយគណៈប្រតិភូ។ ឯកឧត្តម បានលើកឡើងថា នៅពេលអញ្ជើញមកដល់រាជធានីភ្នំពេញ បានឃើញថាកម្ពុជាមានការរីកចម្រើនជាខ្លាំង រាជធានីភ្នំពេញបានផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រងជាមួយសមិទ្ធផលលេចរូបរាងឡើងយ៉ាងច្រើន ដែលបង្ហាញពីជោគជ័យយ៉ាងធំធេងនៅក្នុងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋសភា។

    ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យ មានម៉ាស វ៉ាក៉សាំង ដល់ប្រទេសឡាវ ហើយនៅក្នុងដំណើរទស្សនកិច្ចនាពេលពេលនេះ កម្ពុជាបានផ្តល់ជំនួយថវិកា១៣លានដុល្លារ ដែល៣លានដុល្លារថវិការាជរដ្ឋាភិបាលនិង១០លានដុល្លារបានពីវិស័យឯកជន និងវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូស រថយន្តពីរគ្រឿងថែមទៀត  ជូនដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

    ឯកឧត្ដម ផនខាំ វីផាវ៉ាន់ បានអបអរសាទរជាមួយកម្ពុជានៅក្នុងការចូលរួមយ៉ាងសកម្មនិងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងវេទិកាអន្តរជាតិ  ដូចជារៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ដែលបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិយ៉ាងធំធេង។

    ឯកឧត្តមប្រធានគណៈប្រតិភូ បានបានជម្រាបសម្តេចប្រធានរដ្ឋសភាថា  នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនិងបងប្អូនរវាងប្រទេសទំាងពីរ លើគ្រប់វិស័យ ទំាងការងារសង្គម ពាណិជ្ជកម្ម ពិសេសរដ្ឋាភិបាលទំាងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែនដើម្បីប្រែក្លាយបន្ទាប់ព្រំដែន សន្តិភាព អភិវឌ្ឍន៍និងបងប្អូន។  ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានពាំនាំការគោរពអញ្ជើញរបស់  ឯកឧត្តមប្រធានរដ្ឋសភាឡាវ ជូនសម្តេចដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវក្នុងពេលសមស្របណាមួយ ផងដែរ។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តែងការអបអរសាទរចំពោះសមិទ្ធផលដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលប្រទេសទាំងពីរ កម្ពុជា-ឡាវ សម្រេចបាននាពេលកន្លងមកទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល  និងរដ្ឋសភា។ សម្តេចបានគូសបញ្ជាក់ថា  ទស្សនកិច្ចរបស់ ឯកឧត្តម នាពេលនេះ បង្ហាញពីការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីមានភាពធូរស្បើយនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរដងថែមទៀត។

    សម្តេចបានមានប្រសាសន៍លើកឡើងថា ចំពោះស្ថាប័ននីតិប្បញ្ញតិ្តប្រទេសទាំងពីរវិញ បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះបីស្ថិតក្នុងដំណាក់កាល កូវីដ-១៩ ក៏ដោយ តាមរយៈការសន្ទនាផ្លាស់ប្តូរបទពិសោធន៍អំពីការងារនីតិកម្ម ទាំងកំរិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេស នៃស្ថាប័នទាំងពីរ។

    សម្តេចបានគូសបញ្ជាក់ថា  រដ្ឋសភាទាំងពីរ បានប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ ជាពិសេស នៅលើវេទិកាអន្តរសភាក្នុងតំបន់ និងក្រៅតំបន់ផងដែរ។

    ឆ្លើយតបចំពោះការគោរពអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋឡាវ សម្តេចបានទទួលយក និងបានសន្យាថានឹងរកពេលវេលាសមស្របណាមួយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខនេះ៕

    អត្ថបទទាក់ទង