សម្តេចពញាចក្រី ហេង សំរិន បន្ដដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២១ នេះ ដោយមានរបៀបវារៈចំនួនបី ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានលើកមកពិភាក្សានិងអនុម័តនាពេលនេះ មាន៖
១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម
២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួមចំណែកក្នុងការបន្តកំណែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ និងដើម្បីលើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា។ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមតំាងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា។ កន្លងមករាជរដ្ឋាភិបាលបានកំណត់នីតិវិធីសម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹងអំពីការបើកសហគ្រាស ដោយបានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីរួមតាមថ្នាលផ្លាស់ប្តូរទិន្នន័យអនឡាញ។
តាមរយៈសេចក្តីព្រាងច្បាប់នេះ បានដកចេញនូវបុរេលលក្ខណ្ឌមួយចំនួនដែលមិនចាំបាច់សម្រាប់ការចុះបញ្ជី និងជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូននិងមានតម្លាភាព មានស្តង់ដារខ្ពស់ស្របតាមការធ្វើធុរកិច្ចជាសាកលព្រមទំាងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យមានការសម្រួលពាណិជ្ជកម្មនិងការប្រកួតប្រជែង សំដៅរួមចំណែកស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ និងជម្រុញកំណើនសេដ្ឋកិច្ច។
ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាបទដ្ឋានគតិយុត្តទ្វេភាគីក្នុងការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។ តាមរយៈច្បាប់នេះ នឹងធ្វើឱ្យកសិផលកម្ពុជាមានទីផ្សារកាន់តែធំ តាមរយៈការនាំចេញទៅកាន់ទីផ្សារនៅសាធារណរដ្ឋកូរ៉េ ដែលនឹងចូលរួមចំណែកដ៍សំខាន់នៅក្នុងការលើកម្ពស់ជីវភាពប្រជាកសិកររបស់យើង។
សេចក្តីព្រាងច្បាប់នេះក៏នឹងជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងអាចបង្កើតការងារថ្មីៗជូនប្រជាជនយើងថែមទៀតផង៕
អត្ថបទទាក់ទង