គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរថែមទៀត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២​ |
    កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរថែមទៀត​ កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរថែមទៀត​

    ភ្នំពេញ៖ កាលរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ភាគីទាំងពីរបានពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការក្របខណ្ឌគ្រួសារអាស៊ានផងដែរ។

    សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ខណៈនៅក្នុងឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន សម្ដេចសង្ឃឹមថាប្រទេសហ្វីលីពីន នឹងបន្តចូលរួមគាំទ្រដល់ការបំពេញតួនាទីនេះរបស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

    ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលរួមមានទីមួយគឺវិស័យសន្តិសុខ និងទីពីរគឺពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិជាតិនោះ សម្ដេចក្រឡាហោម បានសម្ដែងក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការចែករំលែកបទពិសោធន៍ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

    លោកជំទាវ Maria Amelita C.Aquino បានសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវិត១៩ និងបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួងមហាផ្ទៃ ក្នុងការសម្រេចបាននូវជោគជ័យទៅលើការងារគ្រប់គ្រង ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។

    លោកជំទាវ ក៏បានជម្រាបជូនសម្ដេចក្រឡាហោមទៀតថា ហ្វីលីពីននៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្ររាល់ព្រឹត្តិការណ៍ដែលក្រសួងមហាផ្ទៃ ត្រូវធ្វើជាប្រធានដឹកនាំនៅក្រោមក្របខណ្ឌនៃអាស៊ាននេះផងដែរ។

    ក្រៅពីកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌអាស៊ាន លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសនៅក្នុងវិស័យសន្តិសុខ ដែលមានកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន បញ្ហាបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្សជាដើម ដែលកិច្ចការទាំងនេះមួយផ្នែកធំស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា។

    ទន្ទឹមនេះដែរលោកជំទាវ ក៏បានសម្តែងនូវបំណងក្នុងការពង្រីកទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ហ្វីលីពីន និងកម្ពុជា តាមរយៈការបង្កើតឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច និងការចងសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរផងដែរ។ លោកជំទាវក៏យកឱកាសនេះថ្លែងអំណរគុណសម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃដែលកន្លងមក និងជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩ បានជួយសម្រួលការងារពាក់ព័ន្ធនឹងអន្តោប្រវេសន៍ចំពោះពលរដ្ឋហ្វីលីពីនមួយចំនួនដែលជួបការលំបាកក្នុងកាលទេសៈនៃជំងឺកូវីដ-១៩នេះ។

    ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការឯកភាពចំពោះការលើកឡើងរបស់លោកជំទាវនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌ ក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពិសេសការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារពង្រីកសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរ ៕

    អត្ថបទទាក់ទង