អគ្គលេខាធិការអាស៊ាន ថ្លែងការកោតសរសើរពីជោគជ័យសំខាន់ៗលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញក្រោមឱវាទផងដែរ។
ថ្លែងក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអាទិភាពនៃការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់រាជរដ្ឋាភិបាល ក្រោមដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃវិស័យអាទិភាពទាំងបួនរួមមាន៖ ទឹក អគ្គិសនី ផ្លូវ និងធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអគ្គលេខាធិការអាស៊ានអំពីសមិទ្ធផលសម្រេចបានដ៏ធំធេង របស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ដោយក្នុងនោះ៖ ដំណាក់កាលទី១ កម្ពុជាចាប់ផ្តើមកសាងបណ្ដាញផ្លូវថ្នល់ដោយចាក់កៅស៊ូពីរស្រទាប់ស្តើង (DBST) ដើម្បីតភ្ជាប់ទៅគ្រប់ច្រកល្ហកពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស ហើយបច្ចុប្បន្នបានឈានដល់ដំណាក់កាលទី២ ដែលជាដំណាក់កាលត្រូវលើកកម្ពស់គុណភាពផ្លូវពីផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើងទៅជាផ្លូវបេតុងកៅស៊ូ (AC) និងពង្រីកផ្លូវពីពីរគន្លង ទៅបួនគន្លងសម្រាប់ផ្លូវជាតិសំខាន់ៗ ដើម្បីឱ្យសមស្របទៅនឹងការរីកចម្រើនសេដ្ឋកិច្ច និងកំណើនយានយន្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីការជំរុញការអនុវត្តផែនការយានយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងឆ្នាំនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ផលបរិស្ថាន ដែលក្នុងនោះ ក្រសួងកំពុងសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ដើម្បីដំឡើងស្ថានីយសាកអាគុយចំនួនប្រាំកន្លែង រួមមាន ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងរាជធានី-ខេត្តមួយចំនួន និងកំពុងសហការជាមួយដៃគូឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនី។ បន្ថែមពីលើនេះ ក្រសួងនឹងបញ្ជាទិញរថយន្តដើរដោយថាមពលអគ្គិសនីមួយចំនួន ដើម្បីប្រើប្រាស់ក្នុងការចុះត្រួតពិនិត្យផ្លូវផងដែរ ដើម្បីជាការចាប់ផ្ដើមជំហានដំបូង ក៏ដូចជាលើកទឹកចិត្តដល់សាធារណជនឱ្យប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីនេះ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងនូវកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលសម្រេចបានជោគជ័យសំខាន់ៗលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថាក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ទីក្រុងរបស់កម្ពុជានឹងមានការរីកដុះដាលដូចបណ្តាទីក្រុងផ្សេងទៀតនៅបណ្តាតំបន់អាស៊ាន៕