រាជរដ្ឋាភិបាលកម្ពុជា បន្តឧបត្ថម្ភថវិកាប្រចាំខែជូនគ្រួសារក្រីក្រ (មានបណ្ណសមធម៌) ក្នុងអំឡុងកូវីដ១៩ ជុំទី៨
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២២នេះ គឺនៅតែបន្តឧបត្ថម្ភថវិកាជាប្រចាំខែ ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ (បណ្ណក្រីក្រ) ទូទាំងប្រទេស ទោះស្ថានការណ៍កូវីដ-១៩ មានភាពធូរស្រាល និងមានការបើកប្រទេសឡើងវិញ លើគ្រប់វិស័យយ៉ាងណាក្ដី។
រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំថ្មី ២០២២នេះ បានសម្រេចបន្ត ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ សម្រាប់ជុំទី ៨ ដែលមានរយៈពេល៣ខែចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២២។
ការសម្រេចបន្តនេះ គឺអនុញ្ញាតឱ្យគ្រួសារក្រីក្រ ដែលមានបណ្ណក្រីក្រ ទាំងប្រភេទក្រ ១ និងក្រ ២ អាចទៅបើកសាច់ប្រាក់នៅបញ្ជរវីង ដើម្បីយកមកផ្គត់ផ្គង់ជីវភាព ទៅតាមចំនួនខែដែលបានកំណត់ក្នុងជុំទី៨នេះ។
សម្រាប់គ្រួសារក្រីក្រ ដែលបាននឹងកំពុងទទួលបានថវិកាជាប្រចាំខែ ពីរាជរដ្ឋាភិបាល លើកឡើងថា ថវិកានេះ គឺពិតជារួមចំណែកជួយសម្រួលជីវភាពគ្រួសារឱ្យមានភាពប្រសើរ។ ពួកគាត់អាចយកមកប្រើប្រាស់សម្រាប់ ការចំណាយលើម្ហូបចំណី និងសម្រាប់ថ្នាំព្យាបាលជំងឺប្រចាំកាយ។
ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស គិតត្រឹមជុំទី ៧ លើកទី ២ ដែលបានបិទបញ្ចប់កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ គឺមានគ្រួសារក្រីក្រទទួលផលសរុបចំនួន ៦៨៤ ៧៧១ គ្រួសារ។ បើគិតចាប់ពីការចាប់ ការអនុវត្តកម្មវិធីពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ខែ ធ្នូ ឆ្នាំ ២០២១ គឺរាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៥៣១ លានដុល្លារ៕ ប្រភព៖ BTVNews