លោក ចូ បៃឌិន សង្ឃឹមថាទំនាក់ទំនងអាស៊ាន-អាមេរិកនឹងកាន់តែរីកចម្រើន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា
ភ្នំពេញ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន (Joe Biden) បានលើកឡើងថា ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថាទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកនឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។ នេះបើយោងតាមលិខិតរបស់លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសារលិខិតនេះ លោក ចូ បៃឌិន បញ្ជាក់ថា រដ្ឋបាលរបស់លោក ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ លោកបៃឌិន បន្តថា សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេចំពោះនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក ចូ បៃឌិន បានបញ្ជាក់ពីការតាំងចិត្តរបស់លោក តាមរយៈឥណ្ឌូនេស៊ីដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការអញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះ។
លោក ចូបៃឌិន បានគូសបញ្ជាក់ដែរថា លោកសរសេរលិខិតនេះ គឺចង់ទាក់ទងទៅសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ ដើម្បីបញ្ជាក់ពីការរង់ចាំស្វាគមន៍សម្ដេចអញ្ជើញទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅឱកាសដ័ឆាប់ខាងមុខ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតទៅលោក ចូ បៃឌិនវិញ ដោយសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក ចូ បៃឌិន ដែលអញ្ជើញសម្ដេច និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើនៅប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នារបស់លោកបៃឌិនក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក បន្ថែមទៀតក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ សម្ដេចប្ដេជ្ញា និងគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ សម្ដេចតេជោ មានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្ដល់នូវកាលានុវត្តភាពល្អមួយសម្រាប់ផ្លាស់ប្ដូរយោបល់គ្នា ថាតើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចម្រើនទៅមុខបន្ថែមទៀត៕