គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន នឹងទទួលពានរង្វាន់សន្តិភាព«ស៊ុនហាក់» ជាផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន នឹងទទួលពានរង្វាន់សន្តិភាព«ស៊ុនហាក់» ជាផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន នឹងទទួលពានរង្វាន់សន្តិភាព«ស៊ុនហាក់» ជាផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃស្អែកនេះ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅប្រទេសកូរ៉េខាងត្បូង និង​ធ្វើ​ជា​សហប្រធាន​កិច្ច​ប្រជុំ​កំពូល​សន្តិភាព​ពិភព​លោក​ឆ្នាំ២០២២​ ហើយ​ពិធីប្រគល់​ពាន​រង្វាន់​សន្តិភាព«ស៊ុនហាក់» លើកទី៥ ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​កុម្ភៈ​ ជូន​ដល់​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​សម្រាប់​ភាព​ជា​​អ្នក​ដឹក​នាំ​ដ៏​ខ្ជាប់​ខ្ជួន​របស់​សម្តេច​ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ក្នុងនាមជា​នាយករដ្ឋមន្រ្តី​កម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាព​នៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល​។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៨​កុម្ភៈម្សិលមិញ។

    សេចក្ដីប្រកាសបានឲ្យដឹងថា កិច្ច​ប្រជុំ​កំពូល​សន្តិភាព​ពិភព​លោក​ឆ្នាំ២០២២​ នឹង​ធ្វើឡើង​ក្រោម​មូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ហើយសម្តេចតេជោ នឹង​ធ្វើ​ជា​សហប្រធាន​ជាមួយ​លោក​ស្រីបណ្ឌិត ហាក់ ចាហាន់មូន (Dr. Hak Ja Han Moon) សហស្ថាបនិក នៃ​សហព័ន្ធសន្តិភាពសកល (UPF) និងលោក បាន គី-មូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​​អង្គការសហប្រជាជាតិ។ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនេះ នឹងរៀបចំឡើង​រយៈពេល​៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។  កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពី​បណ្តា​វាគ្មិន​សំខាន់ៗ និងអ្នក​ចូល​រួម​​មកពី១៥៧ ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹម​ក្នុង​ការបង្រួបបង្រួម​ឧបទ្វីបកូរ៉េ​ប្រកបដោយសន្តិវិធី។

    នៅក្នុង​អំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នឹងមានជំនួប​ជាមួយលោក មូន ចេ អ៊ីន ប្រធានាធិបតីកូរ៉េចខាងត្បូង ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់​អារម្មណ៍​រួមគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹង​ទទួល​ជំនួបសម្តែងការគួរសមពី​សំណាក់លោក បាន គី មូន អតីត​អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ​ផងដែរ។ បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងមានជំនួបជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត ក៏ដូចជា ទទួលសវនាការ​ពីសំណាក់​ឥស្សរជន​នយោបាយ និងធុរជនផ្សេងទៀត៕

     

    អត្ថបទទាក់ទង