គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានាដើមខែក្រោយនេះ ក្នុងនាមជាប្រសិតពិសេរបស់ប្រធានអាស៊ាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២​ |
    ឯកឧត្ដម ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានាដើមខែក្រោយនេះ ក្នុងនាមជាប្រសិតពិសេរបស់ប្រធានអាស៊ាន ឯកឧត្ដម ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានាដើមខែក្រោយនេះ ក្នុងនាមជាប្រសិតពិសេរបស់ប្រធានអាស៊ាន

    ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅកម្ពុជា​កាលពីម្សិលមិញ ឯកឧត្ដម​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានមានប្រសាសន៍ថា​  បើមិនមាន​អ្វីប្រែប្រួលនោះទេ នៅ​ដើមខែ​មីនា​ឆ្នាំ២០២២ ខាងមុខ ​ឯកឧត្តម ក្នុងនាម​ជាប្រសិតពិសេស​របស់​ប្រធាន​អាស៊ាន ​នឹងធ្វើដំណើរ​ទៅទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា​ ដើម្បី​ជួប​ជាមួយលោក មីន អោង លាំង និង​រដ្ឋមន្រ្តីការបរទេស​មីយ៉ាន់ម៉ា ព្រមទាំងភាគីពាក់ព័ន្ធនៃជម្លោះនៅក្នុងប្រទេសនេះ។

    ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា វិបត្តិមីយ៉ាន់ម៉ា គឺមានភាពស្មុគស្មាញខ្លាំងណាស់ ដែល​មិន​អាចរំពឹងច្រើនពេកនោះទេ​ ពោលគឺត្រូវទាមទារពេលវេលា ទាមទារការ​អត់ធ្មត់ និង​ទាមទារ​នូវ​អភិក្រម​មួយដែលប្រកដោយភាពជាក់ស្តែងនិយម ​ព្រោះនៅមីយ៉ាន់ម៉ា ជាប្រទេស​មួយ​ដែល​ដឹកនាំ​ដោយរបបយោធា​តាំង​ពី​ទទួលបានឯករាជ្យជាង៧០ឆ្នាំ​មកម្ល៉េះ​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រទេសនេះ ​ហើយ​ប្រទេសនេះ​មាន​វប្បធម៌​នយោបាយ​ក៏​ពិបាក​ ប្រវត្តិ​សាស្រ្ត​នយោបាយ​នៅក្នុង​ប្រទេសនេះ ​ក៏ពិបាក។

    ពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ានេះផងដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ក​ន្លងមក បានទទួលជួបសន្ទនា​តាមប្រព័ន្ធ​វីដេ​អូ​ជាមួយ​លោកជំទាវបណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) ​ប្រេសិតពិសេសថ្មី របស់​អគ្គលេខា​ធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ។

    ក្នុងជំនួបកាលណោះលោកជំទាវ បានអបអរសាទរ ​ចំពោះ​សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ដែល​មានតួនាទីជាប្រធានអាស៊ាន​ក្នុងឆ្នាំ២០២២នេះ ហើយ​កម្ពុជា​ក៏មាន​បេសកជនពិសេស​នៃ​អាស៊ាន​ទទួល​បន្ទុក​មីយ៉ាន់ម៉ា​ផងដែរ ។

    គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ចការងាររបស់សម្ដេចតេជោ ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា​កាល​ពី​ពេលថ្មីៗនេះ ​មិន​ចេញ​ឆ្ងាយ​ពី​ធម្មនុញ្ញ​អាស៊ាន​ ហើយ​ចំណុច​ដែល​បាន​ឯកភាពគ្នាចំនួន៥ ក្នុង​ប្រទេស​អាស៊ាន​ទាំង១០ នាពេលកន្លងទៅនោះទេ។

    សូមជម្រាបជូនដែរថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺជាការពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់​ថ្នាក់​ដឹកនាំ​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និងលើកទី៣៩ សំដៅធ្វើការផ្លាស់ប្តូរ​ទស្សនៈគ្នា​លើមធ្យោបាយ ​ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេលអាស៊ាន​បានថែរក្សា​ និងលើក​កម្ពស់​មជ្ឈភាព​ សាមគ្គីភាព ​និងឯកភាពអាស៊ាន ព្រមទាំង​ពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ​ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាង​សហគមន៍​អាស៊ានមួយ ​ដែលកាន់តែធន់រឹងមាំ​ ប្រកប​ដោយថាមពល ហើយពោរពេញ​ដោយ​សន្តិភាព ​និងវិបុលភាព៕ 

    អត្ថបទទាក់ទង