សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការបាត់បង់ជីវិត ឬពិការប្រជាជន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោកសម្រាប់ប្រទេសជាតិទាំងមូល
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ចំពោះការបាត់បង់ជីវិត ពិការ និងរបួសរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីន សូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្ដាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។ នេះបើយោងតាមសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន២៤កុម្ភៈ២០២២។
សម្ដេចតេជោ បានបន្តថា សង្គ្រាមបានបន្សល់ទុកគ្រាន់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបណ្ដាលឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើតមានពីមុនមក និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។
ជាមួយនឹងការបង្រួបបង្រួមជាតិ ដែលនាំមកនូវស្ថិរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពពេញលេញទូទាំងប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមនយោបាយ ឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពដស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ ហើយសមិទ្ធផលលើវិស័យសកម្មភាពមីងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការបោសសម្អាតផ្អៃដីដែលមានមីនចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមចំនួន ១២៤០គីឡូម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។
សូមជម្រាបជូនថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំ ២៣២៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រាប់ប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ។ មីនប្រឆាំងមនុស្សចំនួន ១ ១១៨ ៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោមចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ទន្ទឹមនឹងនោះចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅនេះ៕