គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿង ដល់ប្រទេសឡាវ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២​ |
    កម្ពុជាផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿង ដល់ប្រទេសឡាវ កម្ពុជាផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿង ដល់ប្រទេសឡាវ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០ គ្រឿង ដែល​ជា​អំណោយសប្បុរសធម៌ ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់​គណៈកម្មការចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វិ.ក-១៩)ចេញផ្សាយនៅថ្ងៃទី៩មីនានេះ។

    សេចក្ដីជូនព័ត៌មានបានឲ្យដឹងថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់​សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស ( គ.វិ.ក-១៩) និងជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងនាំយក ជំនួយរថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​១០គ្រឿង របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និង ប្រជាជន នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុង ខេត្តស្ទឹងត្រែង​ជាប់ព្រំដែន​ខេត្តចម្ប៉ាស័ក នៃប្រទេសឡាវ។

    ការសម្រេច​ផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល​ និងប្រជាជននៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវិនាពេលនេះ គឺជា​ការ​បង្ហាញនូវ​ការយក​ចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះសុខភាព និង​សុខុមាលភាព​របស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិត ខាងភូមិផងរបងជាមួយគ្នា ក៏ដូចជា​ការ​ពង្រឹង​​នូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយ បេះដូងដ៏​ល្អ​ប្រពៃ​ពិត​ប្រាកដ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យ “កម្ពុជាជាប្រទេសតូចតាចតែមាន បេះដូង ជំទូលាយ ហើយកម្ពុជា ក៏តែងតែបាន និងកំពុងធ្វើ ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគួរខ្ពស់ រួមគ្នា​ដោះស្រាយ​វិបត្តិ នៃ​ការឆ្ល​ង​រីករាល​ដាល​ជំងឺកូវីដ-១៩ នៅក្នុង ប្រទេស និងនៅក្នុងតំបន់។ អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀតជូនដល់ ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើ​កិច្ចការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ជូនដល់ ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង