សម្ដេចតេជោ ហ៊ុន សែន ផ្ដល់រថយន្តដឹកវ៉ាក់សាំង ២០គ្រឿង ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្តចំនួន១២
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងចំនួន ២០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តចំនួន១២។
ពិធីប្រគល់-ទទួល រថយន្តដឹកវ៉ាក់សាំងបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមទាំងខាងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង១៣ នៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល (CMS)។
រាជធានី-ខេត្ត ដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះរួមមាន ៖ ១.មន្ទីរសុខាភិបាលរាជធានីភ្នំពេញ, ២.មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ, ៣.មន្ទីរសុខាភិបាលខេត្តបាត់ដំបង, ៤.មន្ទីរសុខាភិបាលខេត្តកំពង់ចាម, ៥.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, ៦.មន្ទីរសុខាភិបាលខេត្តកំពង់ធំ, ៧.មន្ទីរសុខាភិបាលខេត្តកំពត, ៨.មន្ទីរសុខាភិបាលខេត្តកណ្តាល, ៩. មន្ទីរសុខាភិបាលខេត្តព្រៃវែង, ១០.មន្ទីរសុខាភិបាលខេត្តសៀមរាម, ១១.មន្ទីរសុខាភិបាលខេត្តតាកែវ, ១២.មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល។
ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរ តាមរយៈសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។ រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានី-ខេត្ត៕