គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាលប្រកាសបើកយុទ្ធនាការជាតិអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២​ |
    ក្រសួងសុខាភិបាលប្រកាសបើកយុទ្ធនាការជាតិអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលប្រកាសបើកយុទ្ធនាការជាតិអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលកម្ពុជា បានរៀបចំ​ពិធី​បើក​យុទ្ធនាការជាតិអប់រំសុខភាព ក្រោមប្រធានបទ « រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់ អ្នក និងគ្រួសារ »។

    យុទ្ធនាការនេះបានធ្វើឡើង ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល, និងលោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាព​ពិភពលោក​ប្រចាំកម្ពុជា និងលោកស្រី វេជ្ជបណ្ឌិត Foroogh Foyouzat តំណាងអង្គការ UNICEF ប្រចាំកម្ពុជា។
    យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង​ដើម្បី​ក្រើនរំលឹក ពញ្ញាក់ស្មារតី និងបង្កើនជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នា បន្តអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការពង្រឹងការអនុវត្តន៍វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុស កូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ “អូមីក្រុង“ ។

    ប្រទេសកម្ពុជាបានបើកឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច និងសង្គមនានា ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១មក ប៉ុន្តែអង្គការសុខភាពពិភពលោក នៅតែមើល​ឃើញ​ពីការ​បន្ត​វាយ​លុក​យ៉ាង​ខ្លាំង​ជំងឺ​រាតត្បាតកូវីដ-១៩ នៅបណ្តាប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផងដែរ។

    ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា ចាប់ពី«អូមីក្រុង»មានវត្តមាននៅកម្ពុជាពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ករណីឈឺ និងស្លាប់ដោយកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»នៅតែរកឃើញជាបន្តបន្ទាប់ និងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យមានកំណើនសរុបករណីឈឺ និងស្លាប់នៅកម្ពុជា។

    ក្រសួងសុខាភិបាលបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទ«អូមីក្រុង»សរុបចំនួន ១៣.៥៦១នាក់ និងមានអ្នកស្លាប់សរុបដោយ«អូមីក្រុង»ចំនួន៥១នាក់៕

    សេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៖


    អត្ថបទទាក់ទង