គ.ជ.ប លុបបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ពាក់ព័ន្ធករណីក្លែងឯកសារ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីក្លែងឯកសារ ដែលឲ្យអ្នកផ្សេងបំពេញ និងចុះហត្ថលេខាជំនួស ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីលទ្ធផលសវនាការជាសាធារណៈ ដោះស្រាយពាក្យបណ្ដឹងបដិសេធបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងរបស់ពលរដ្ឋឈ្មោះ ម៉ៅ មុន្នី បានឆ្លើយនៅក្នុងសវនាការ គឺឈ្មោះបេក្ខជន ៤រូប ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ពួកគេមិនបានសរសេរ និងផ្ដិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន នៃគណបក្សមួយនេះ ។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា តាមការឆ្លើយរបស់លោក យ៉ែម សារ៉ាក់ តំណាងគណបក្សភ្លើងទៀន ក្នុងសវនាការបានទទួលស្គាល់ថា បេក្ខជនទាំង៤រូបខាងលើ ពិតជាមិនបានបំពេញឯកសារដូចការលើកឡើងរបស់ដើមបណ្ដឹងចោទប្រាកដមែន ។
លោកក៏ទទួលស្គាល់របាយការណ៍ ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវរបស់មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានបញ្ជាក់ចម្លើយរបស់លោក សួន វណ្ណី អនុប្រធានទី២ ក្រុមការងារគណបក្សភ្លើងទៀន នៅខណ្ឌបឹងកេងកង ជាបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន មួយចំនួនមិនបានបំពេញ និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនដោយផ្ទាល់នោះទេ គឺក្រុមការងារគណបក្សជាអ្នកបំពេញ និងចុះហត្ថលេខាជំនួស ។
សេចក្តីប្រកាសព័ត៌មានដដែល បានបន្ថែមថា បន្ទាប់ពីពិនិត្យ និងពិចារណារគ្រប់អង្គហេតុ និងអង្គច្បាប់រួចមក ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប យល់ឃើញថា ផ្អែកតាមមាត្រា ៤២ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន ត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ។
ប្រភព បានបញ្ជាក់ថា ដោយយល់ឃើញថា គណបក្សភ្លើងទៀន បានអនុវត្តខុសពីបទប្បញ្ញត្តិ ដូចមានចែងក្នុងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេចយល់ព្រមតាមពាក្យបណ្ដឹង ដោយលុបបញ្ជីបេក្ខជនឈរឈ្មោះនៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ និងឲ្យគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់នេះ បដិសេធ និងលុបបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ក្នុងសង្កាត់ទួលស្វាយព្រៃ១ ព្រមទាំងដកហូត និងបដិសេធពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ និងសេចក្តីសម្រេចរបស់ គឃ.សប (ទម្រង់បែបបទ ១០០៨) នៃគណបក្សភ្លើងទៀន នៅសង្កាត់មួយនេះ ៕ BTV News