គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គទៅដល់ថ្នល់ទទឹង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គទៅដល់ថ្នល់ទទឹង សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គទៅដល់ថ្នល់ទទឹង

    នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម ទីប្រឹក្សាស្ថានទូតចិនប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ៥១។

    ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៥១ នេះមានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) បាន​ស្ថាបនា​ដោយ​ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹងតួផ្លូវសរុប ១២ម៉ែត្រ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមប្រវែង ០.៥០ម៉ែត្រ។ គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង​ថ្នល់ចិន​(CRBC) និងត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេស​ក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ និងពន្ធអាករផ្សេងៗ។

    ឯកឧត្តមតំណាងស្ថានទូតចិនប្រចាំកម្ពុជានបានអបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ៥១ នេះ ដែលបានស្ថាបនាកសាងរួចរាល់ជាស្ថាពរ ជាសមិទ្ធផលដែល​កើត​ឡើង​តាម​រយៈ​ចំណងមិត្ត​ភាព​កម្ពុជា-ចិនក្នុងចំណោមសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ឯកឧត្តមសង្ឃឹមថា តាមរយៈផ្លូវ​នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​លើក​កម្ពស់​វិស័យ​ដឹកជញ្ជូន និងឧស្សាហកម្ម។

    សម្តេចតេជោ ហ៊ុន សែន បានសម្តែង​នូវ​សេចក្តីរីករាយ​ដែលបានម​ក​សម្ពោធ​សមិទ្ធផល​ផ្លូវ​ជាតិ​លេខ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥នាពេលថ្ងៃនេះ។ សម្តេចតេជោ​បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥១ នេះ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយ​សម្រួលការ​ធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ គឺមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។ ផ្លូវនេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយ​របស់រាជរដ្ឋាភិបាលកម្ពុជា​នាពេលបច្ចុប្បន្ន ក្នុងការតភ្ជាប់ទៅកាន់សមុទ្រកម្ពុជា។

    សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលជាតិរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាពជូនជាតិមាតុភូមិ។ សម្តេចតេជោបានបន្ថែមទៀតថា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព។

    សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ ជំងឺកូវីដ-១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ ក្នុងនោះគម្រោងនានារបស់ចិន ក៏មិនមានការផ្អាកសកម្មភាពនោះដែរ។

    ជាថ្មីម្តងទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសថា ឆ្នាំនេះកម្ពុជានឹងរៀបចំ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចតេជោ​បានបញ្ជាក់ផងដែរថា ឆ្នាំនេះ សម្តេច និងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃ នៅទឹកដីនៃខេត្តព្រះសីហនុ។ សម្ដេចតេជោសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

    មុននឹងបញ្ចប់​ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានប្រកាសសម្ពោធដាក់​ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ពីតំបន់ថ្នល់ទទឹងផ្លូវជាតិលេខ៤ ទៅកាន់តំបន់ឧត្តុងផ្លូវជាតិលេខ៥ ចាប់ពីពេលនេះតទៅ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង