វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមក្នុងក្រុមហ៊ុនណាហ្គាវើលដ៍
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា តំណាងកម្មករនិយោជិត ដែលធ្វើបាតុកម្ម និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នា ដើម្បីបញ្ចប់វិវាទនៅឡើយទេ ។
នៅរសៀលថ្ងៃទី២៩ ខែមីនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី៦ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត និងតំណាងនិយោជកផងដែរ។
នៅក្នុងកិច្ចប្រជុំដែលសម្របសម្រួលដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ភាគីទាំងពីរបានលើកមតិ និងសំណើរៀងៗខ្លួន ដោយមិនទាន់ឯកភាពគ្នានៅឡើយ ជាពិសេសការទាមទារឱ្យកម្មករនិយោជិតប្រមាណ២០០នាក់ បានចូលធ្វើការវិញ។ ទោះជាយ៉ាងនេះក្តី ភាគីពាក់ព័ន្ធបាន កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការធ្វើសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។