គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការ​គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២​ |
    គណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការ​គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» គណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការ​គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»

    ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច​អនុម័ត​ទាំង​ស្រុងលើ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការ​គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។

    ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រកាស​ឱ្យប្រើដោយ​ព្រះរាជ​ក្រម​លេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។ វិសោធន​កម្ម​លើមាត្រា​១៤០ គឺបានបើកផ្លូវឱ្យបង្កើនចំនួនស​មាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ច្រើនជាងមុន។

    កន្លងមកនេះនៅក្នុងមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើនប្រាំពីរ(០៧)រូប ។ គណៈអភិបាល​ខេត្ត​មាន​ចំនួនពីបី(០៣)រូប ទៅប្រាំពីរ (០៧)រូប ។ គណៈអភិបាលក្រុង ស្រុក ខណ្ឌមា​ន​ចំនួន​ពីបី(០៣)រូប ទៅប្រាំ(០៥)រូប ។ ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយ អនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

    ដោយឡែកមាត្រា១៤០ថ្មី ដែលបានធ្វើវិសោធនកម្ម ហើយ​ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​នា​ព្រឹក​នេះ បានកំណត់ចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖

    – គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១រូប។

    – គណៈអភិបាលខេត្តមានចំនួនពី ៧រូប ទៅ១១រូប។

    – គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ ៧រូប។

    ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

    សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ក៏បានចែងដែរថា ចំនួន​គណៈ​អភិបាល​សម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ នឹងត្រូវបានសិក្សា និងពិនិត្យឡើងវិញ ដោយធ្វើ​ការ​គិតគូរផ្អែកលើកត្តាមួយចំនួនដែលរួមមាន ចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីជាមូលដ្ឋាន​ក្នុង​ការ​សម្រេច​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការ​កំណត់​ចំនួន​គណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ចូលជាធរមាន៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង