អ្នកនាំពាក្យក្រសួងបរិស្ថានអំពាវនាវដោយទទូចដល់អាជ្ញាធរ ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើសសត្វព្រៃគ្រប់ប្រភេទ
ស្ទឹងត្រែង៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដោយទទូចដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃ ដើម្បីចូលរួមការពារ និងអភិរក្ស សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្ស និងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត»។
ឯកឧត្ដមរដ្ឋលេខាធិការបានអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តនៅថ្ងៃទី៧ ខែមេសា ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែក្នុងខេត្ត ៦ ភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានមានជំនឿថានឹងចូលរួមក្នុងការកែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមិនត្រឹមតែផ្តល់ជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វព្រៃរស់នៅនោះទេ តែក៏ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះក្នុងរស់នៅ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានជិត ១០ ឆ្នាំចុងក្រោយនេះ ជាមួយការបង្កើនការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយបានទូលំទូលាយ ព្រមទាំងការអភិរក្សធនធានធម្មជាតិមានភាពកាន់តែល្អប្រសើរ ការសិក្សាបានវាយតម្លៃថាប្រភេទសត្វព្រៃមួយចំនួនរក្សាបានស្ថេរភាពដូចជាប្រភេទស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ ប្រភេទសត្វព្រៃខ្លះកើនឡើងដូចសត្វក្ងោក ស្វាត្រោសជាដើម ប៉ុន្តែប្រភេទសត្វព្រៃខ្លះជាពិសេសប្រភេទសត្វក្រចកជើងចំពាម បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដូចជា សត្វទន្សោង សត្វខ្ទីង សត្វប្រើស សត្វឈ្លូស ក្តាន់ រម៊ាំងជាដើម។ ប្រភេទសត្វដើររកស៊ីនៅលើដីទាំងនេះមានហានិ ភ័យខ្ពស់ក្នុងការប្រឈមនឹងការជាប់អន្ទាក់គ្រប់ប្រភេទដែលត្រូវបានលួចដាក់នៅក្នុងតំបន់ការពារធម្មជាតិ និងការប្រមាញ់ដោយកាំភ្លើងកែច្នៃផ្សេងៗដោយខុសច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ជាមួយគ្នានេះ តាមរយៈទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ក្រុមអ្នកស្រាវជ្រាវក្រសួងបរិស្ថាននិងអង្គការដៃគូក៏បានរកឃើញប្រភេទសត្វកម្រផ្សេងទៀតដែល បន្តមានវត្តមាននៅកម្ពុជា តែពុំទាន់មានការសិក្សាពីចំនួនប្រជាសាស្ត្ររបស់វានៅឡើយដូចជាឈ្លូសយក្ស ខ្លារខិន ខ្លាពពក ខ្លាលឿងមាស ឆ្កែចចក ឆ្កែព្រៃ ជ្រូកពោនជាដើម។ ជាការកត់សម្គាល់ ប្រភេទសត្វមួយចំនួនដូចជាសត្វខ្ទីង ទន្សោង ដំរី ជាហ្វូងៗមានឃើញវត្តមានកូនៗតូចៗច្រើន ដែលនេះគឺជាក្តីសង្ឃឹមមួយ និងអាចសន្និដ្ឋានបានថាប្រភេទសត្វព្រៃនៅតំបន់ខ្លះដែលតំបន់ការពារធម្មជាតិត្រូវបានការពារល្អប្រសសើរ អាចមានកំណើនកើនឡើងដូចជានៅតំបន់អភិរក្សជួរភ្នំក្រវ៉ាញជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធាន សត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានមករួមគ្នានៅថ្ងៃនេះដើម្បីបើកយុទ្ធនាការអន្ទាក់-សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅចម្បងនៃយុទ្ធនាការនេះ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ក្នុងឆ្នាំ ២០២១ ក្រសួង បរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ និងជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត។ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវថា៖ «យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស»។