សម្ដេចតេជោ ហ៊ុន សែន សម្រេចដាក់ខេត្ត៤ អាចដកកាតព្វកិច្ចពាក់ម៉ាស់បាន
ភ្នំពេញ៖ តាមរយៈសារជាសំឡេងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ខេត្តចំនួន៤ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស់បាន ក្នុងនោះមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាខេត្តទាំង៤នេះ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស់បាន ដោយផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋសម្រេចចិត្តក្នុងការពាក់ម៉ាស ឬមិនពាក់ម៉ាស់គឺស្ថិតលើការសម្រេចចិត្តរបស់បុគ្គល តែពេលចេញក្រៅខេត្តទាំង៤នេះ ត្រូវពាក់ម៉ាស់ដដែល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរខេត្តទាំង៤ និងក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានឲ្យបានហ្មត់ចត់ទៅលើការអនុវត្តនូវវិធានការសាកល្បងសម្រាប់ខេត្តទាំង៤នេះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ការសាកល្បងបន្ធូរបន្ថយនូវវិធានការពាក់ម៉ាស់សម្រាប់ខេត្តទាំង៤នេះ មិនមែនជាការយកអាយុជីវិតពលរដ្ឋមកសាកល្បងនោះទេ តែដើម្បីចង់ដឹងអំពីភាពសាំក្នុងសហគមន៍ទាំងនៅទីក្រុង និងជនបទ។
សូមស្ដាប់សារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖