ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សន្តិភាព បានផ្តល់ឲ្យកម្ពុជាមានការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល សង្គម និងជំនឿសាសនា
ភ្នំពេញ៖ ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា សន្តិភាព បានផ្តល់ឲ្យកម្ពុជានូវឱកាសក្នុងការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា តាមប្រពៃណីរៀងៗខ្លួនដោយភាពសប្បាយរីករាយ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានឲ្យដឹងថា អត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាពនៃការចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះ គឺជា ភស្តុតាងនៃសុខដុមភាវូបនីយកម្មសាសនានៅកម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណីដ៏បវររបស់សាសនិកឥស្លាម, ការបង្ហាញនូវសាមគ្គីភាពក្រោមដំបូលនៃការដឹកនាំតែមួយ និងក្នុងនាមពលរដ្ឋខែ្មរតែមួយ ជាការឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែក សេចក្តីស្រលាញ់ ការឱ្យទាន និងការផ្តល់ឱកាសសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍នៃការបួសខែរ៉ាម៉ាឌនរបស់សាសនិកឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព។
ឯកឧត្ដមបន្តដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា នៅតែជាគោលនយោបាយអាទិភាពរបស់កម្ពុជា គឺ គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ ពោលមានតែសុខដុមនីយកម្ម ទាំងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ ឥស្លាម និងសាសនានានា ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហាធំធេងដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទ៌៖ ការបើកឲ្យទទួលជំនួយដើម្បីអភិវឌ្ឍនសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស-និស្សិតស្ត្រីឥស្លាម អាចទទួលហ៊ីយ៉ាបក្នុងការចូលសិក្សាតាមគ្រឹះស្ថានអប់រំសាធារណៈ, ការអនុញ្ញាតឲ្យសាសនិកឥស្លាមអាច ស្លៀកសំលៀកបំពាក់តាមប្រពៃណីរបស់ខ្លួន ក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឲ្យមាននូវស្ថាប័ន Halal កម្ពុជា និងការរៀបចំសកម្មភាពចូលរួមគាំទ្រផ្សេងៗដល់សហគមន៍ខ្មែរឥស្លាមផងដែរ៕