គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៥ ជូនពលរដ្ឋក្នុងស្រុកឱរ៉ាល់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២​ |
    លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៥ ជូនពលរដ្ឋក្នុងស្រុកឱរ៉ាល់ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៥ ជូនពលរដ្ឋក្នុងស្រុកឱរ៉ាល់

    កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន​មូលនីធិអណ្តូងទឹកស្អាតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូន​ដល់​ប្រជាពលរដ្ឋ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រើប្រាស់។

    លោកជំទាវប្រធានមូលនីធិបានឱ្យដឹងថា អណ្តូងទឹកទាំងនេះរួមមាន អំណោយ​របស់​អ្នក​ឧកញ៉ា​មហា​ភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយ​បង្កើត​សម្តេច​ជោ​ ហ៊ុន សែន មានចំនួន២អណ្តូង អំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣អណ្តូង ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនេះ បានប្រើប្រាស់​តាម​តម្រូវ​ការ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

    លោកជំទាវ ពេជ ចន្ទមុន្នី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និង​សូម​អំពាវ​នាវ​ដល់បងប្អូនអញ្ជើញទៅទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩។ លោកជំទាវបន្ថែមថា សម្ដេចតេជោ និងសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទី​កន្លែង ជាពិសេសតាម រយៈ​ការ​ផ្ដល់​អំណោយជាអណ្តូងទឹកនេះ គឺជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹក​ប្រើប្រាស់​នារដូវប្រាំង។

    ប្រជាពលរដ្ឋ បានសម្តែងនូវអំណរគុណ និងក្ដីសប្បាយរីករាយយ៉ាងក្រៃលែងដោយ​បាន​ទទួលនូវអំណោយជាអណ្ដូងទឹកនាពេលនេះ ដែលជាតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ៕

    អត្ថបទទាក់ទង