ឯកឧត្ដម ហ៊ុន ម៉ាណែត៖ គុណតម្លៃសន្តិភាព ប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត
កំពង់ចាម៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ស្ថិតក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នៅក្នុងឱកាសនេះឯកឧត្ដម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្តិភាព មានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែល ជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ។ ឯកឧត្ដមបន្តថា សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបានយូរអង្វែងច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះក៏នឹងបន្តពង្រីកឱកាស សម្រាប់ជីវភាពចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបានបន្ថែមទៀតថា សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាពនេះបានបង្ហាញច្បាស់ តាមរយៈភាពអង់អាចក្លាហានរបស់សម្តេចក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត ការចចារបញ្ចប់សង្គ្រាមរុំារ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចបានដឹកនាំ និងនាំមុខ ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។
ជាមួយនឹងការសម្ពោធនៅថ្ងៃនេះដែរ ឯកឧត្ដម បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបានកើតទើ្បងជាបន្តបន្តាប់នៅក្នុងទីអារាមនេះ និងសូមកោតសរសើរចំពោះ ការខិតខំដឹកនាំកៀរគរកម្លាំងសប្បុរសធម៌រួបរួមសាមគ្គីគ្នាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សម្រាប់ជាទីសក្ការៈ និងប្រើប្រាស់តាមគន្លងប្រពៃណីសាសនានៃយើង។ ឯកឧត្ដមបន្តថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋយើងមានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះយើងមានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យធ្វើទានផ្សេងៗ និងចូលរួមកសាងសមិទ្ធផលបានច្រើន ជាឧត្តមប្រយោជន៍ក្នុងវិស័យសាសនា និងសង្គម ស្របតាមស្ថានភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង។ បើយើងគិតពីចំនួនវត្តអារាមនៅទូទាំងប្រទេសរហូតដល់ជាង ៥,០០០ វត្ត គឺរដ្ឋមិនមានលទ្ធភាពក្នុងការកសាងបានច្រើនសម្បូរបែបដូចនេះឡើយ ប៉ុន្តែដោយផ្អែកទៅលើវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង និងការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុង និងក្រៅស្រុក ដែលមានជំនឿ និងសទ្ធាជ្រះថ្លាលើសាសនា ទើបអាចសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើនដូចសព្វថ្ងៃនេះ៕