គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ.ជ.ប ៖ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍​ក្រោយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២​ |
    គ.ជ.ប ៖ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍​ក្រោយ គ.ជ.ប ៖ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍​ក្រោយ

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹងថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោត គឺជា​សកម្មភាព​មួយ​ចំនួន​ដែល​ត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល អ្នកបោះ​ឆ្នោត​ឱ្យ​បោះឆ្នោ​ត​គាំទ្រ​បេក្ខជន ឬគណបក្សនយោបាយណាមួយ។

    គ.ជ.ប បានបញ្ជាក់ផងដែរថា អំឡុងពេលនេះ មិនទាន់ដល់ថ្ងៃឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឡើយទេ ដូច្នេះ សុំ​ឱ្យ​គណបក្ស​នយោបាយ​ដែល​កំពុងធ្វើសកម្មភាព​ផ្ទុយ​ពីច្បាប់បោះឆ្នោត និងផ្ទុយពីបទបញ្ជា និងនីតិវិធីពាក់ព័ន្ធ​នឹង​ការ​ឃោសនាបោះឆ្នោត ត្រូវបញ្ឈប់ជាបន្ទាន់។​គ.ជ.ប ចាត់ទុកថា រាល់ការធ្វើសកម្មភាព​ឃោសនា​បោះឆ្នោត​ដែលផ្ទុយពី មាត្រា ៧០ ត្រូវទទួលទោសតាមមាត្រា ១៨៤ នៃច្បាប់ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់។

    សកម្មភាពឃោសនាបោះឆ្នោតនេះ មានរយៈពេល ១៥ (ដប់បួន) ថ្ងៃ ហើយ​គ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ (ម្ភៃបួន) ម៉ោង មុនថ្ងៃបោះឆ្នោត ស្របតាម មាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

    សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយចំនួន ១៧ (ដប់ប្រាំពីរ) បានចូលរួមប្រកួតប្រជែង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ តាមឃុំ-សង្កាត់ ដែលសាមីគណបក្ស នយោបាយបានចុះបញ្ជីបេក្ខជនផ្លូវការ។

    គ.ជ.ប សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជននៃគណបក្ស នយោបាយផ្លូវការ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការ បោះឆ្នោត និងក្រមសីលធម៌ដែលបានកំណត់ដោយ គ.ជ.ប៕

    អត្ថបទទាក់ទង