ប្រមុខការទូតកម្ពុជា អះអាងប្រាប់អាមេរិកជាថ្មីពីគោលការណ៍រដ្ឋធម្មនុញ្ញដែលហាមឃាត់វត្តមានយោធាបរទេសនៅកម្ពុជា
ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងសាប្រាប់ទៅសហរដ្ឋអាមេរិកជាថ្មី អំពីគោលការណ៍រដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជា។
ការអះអាងនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី ការបរទេស នៃសហរដ្ឋអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ក្នុងជំនួបនេះលោកជំទាវអនុរដ្ឋមន្ត្រី បានគោរពកោតសរសើរ កម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដែល ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណ ចំពោះសកម្មភាពឈរលើ គោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃ អង្គការសហប្រជាជាតិ។ លោកជំទាវអនុរដ្ឋមន្ត្រី បានលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងការអភិវឌ្ឍន៍មូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ចំពោះការអភិវឌ្ឍន៍មូលដ្ឋានទ័ពជើងទឹករាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុងវិស័យយោធា។
អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះបីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមាន ភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបាន រៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ចាប់តាំងពីឆ្នាំ១៩៩៣ ហើយការបោះឆ្នោតទាំងនោះត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា មានភាពសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។
លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេចនៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនឹងផ្តល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មានក្នុងទម្រង់បោះពុម្ព និងឌីជីថលមានជាង២០០០, អង្គការក្រៅរដ្ឋាភិបាលជាង ៦០០០, សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមានសហជីព៥ ក្នុងរោងចក្រតែមួយ គឺជាតថភាពជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិ និងសេរីភាពមិនមែនជាការគេចវេសពីកាតព្វកិច្ចគោរពច្បាប់នោះទេ៕