ព្រឹទ្ធសភាទទួលជំនួយសម្ភារៈវេជ្ជសាស្រ្តពីអង្គការចែករំលែកសង្រ្គោះអាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ សម្ភារៈវេជ្ជសាស្រ្តចំនួន ២៣មុខ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់អង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូនព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
ឯកឧត្តម ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានសម្តែងនូវសេចក្តីរីករាយ និងចូលរួមអបអរសាទរចំពោះការប្រគល់-ទទួល សម្ភារវេជ្ជសាស្រ្ត ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់អង្គការចែករំលែកសង្រ្គោះ អាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េជូនដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ពិតជាសក្ខីភាពក្នុងបញ្ជាក់នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។