សម្តេចពិជ័យសេនា ទៀ បាញ់ អះអាងជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពក៏មិនមែនគំរាមកំហែងដល់ប្រទេសណាមួយដែរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជុសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងជាថ្មីថា នៅក្នុងប្រទេសកម្ពុជា មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់ឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយនៅក្នុងតំបន់ទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ បានចែងច្បាស់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក (កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ)»។ សម្តេចពិជ័យសេនាបន្តថា កម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេសទេ ក្រៅពីតាមសំណើអង្គការសហប្រជាជាតិនោះ។
ក្នុងឱកាសនោះដែរ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអោយដឹងថា កិច្ចសហប្រតិបត្តិការយោធាចិន និងកម្ពុជា ជាសរសទ្រូងដ៏រឹងមាំនចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ សមស្របទៅនឹងផលប្រយោជន៍មូលដ្ឋាននៃប្រទេស និងប្រជាជនប្រទេសទាំងពីរ។
គំរោងទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយប្រទេសចិន ជាសមិទ្ធផលឈរលើមូលដា្ឋនគោរពគា្នទៅវិញទៅមក និងពិភាក្សាស្មើមុខស្មើមាត់រវាងចិន និងកម្ពុជា សមស្របនឹងច្បាប់ផ្ទៃក្នុងប្រទេសទាំងពីរ ច្បាប់អន្តរជាតិពាក់ព័ន្ធ និងក្រមប្រតិបត្តិអន្តរជាតិ។
គួររម្លឹកថា ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួន និងបច្ចិមប្រទេសជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម៕