សភាកម្ពុជានឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងជាប្រធានគណៈកម្មការៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារគ្រប់ផ្នែក ក្នុងការត្រៀមលក្ខណៈរៀបចំ ប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន”នេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើឲ្យអង្គប្រជុំត្រួតពិនិត្យជាលើកចុងក្រោយនូវរាល់ខ្លឹមសារឯកសារ និងកម្មវិធី ក្នុងការ ត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងត្រៀមអនុវត្តការងាររៀបចំមហា- សន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។
សភាកម្ពុជាបានធ្វើជាប្រធានអាយប៉ា តាមការប្តូរវេនម្តងហើយ កាលពីឆ្នាំ២០០៤ និងធ្លាប់បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សា ពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” ចំនួនពីរលើក គឺលើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និងលើកទី២ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍លើកឡើងថា រហូតមកដល់ពេលនេះ គណៈកម្មការរៀបចំ បានត្រៀមរួចរាល់នូវមូលបទ និងប្រធានបទសម្រាប់ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងបានផ្ញើរជូនអគ្គលេខាធិការអាយប៉ានៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសជាសមាជិកអាយប៉ារួចរាល់អស់ហើយដែរ ដោយរងចាំតែថ្ងៃប្រជុំមកដល់ប៉ុណ្ណោះ៕ ប្រភព៖ ដោយនាយកដ្ឋានព័ត៌មាន