សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះថ្ម X16 នឹងក្លាយជាតំបន់អភិវឌ្ឍន៍ ខណៈច្រកទ្វារអន្តរជាតិថ្មីនៅតំបន់នេះនឹងត្រូវបង្កើតឡើងផងដែរ
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា នាពេលអនាគតតំបន់កោះថ្ម X-16 នឹងក្លាយតំបន់អភិវឌ្ឍន៍ ខណៈដែលច្រកទ្វារអន្តរជាតិព្រំដែនរវាងកម្ពុជា-វៀតណាម នៅតំបន់នេះ នឹងត្រូវបង្កើតឡើង ហើយការដោះដូរទំនិញ និងផលប្រយោជន៍រវាងប្រទេសទាំងពីរក៏មានភាពមមារញឹកផងដែរ។
សម្តេចតេជោ ហ៊ុន សែន ការប្រកាសបែបនេះនៅក្នុងឱកាសដែលសម្តេច និង នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចុះហត្ថលេខា ដោយបង្កក់ដីនៅតំបន់ X16 ជាង១,១៧៦ហិកតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ។ សម្តេចតេជោបន្តថា គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព ព្រំដែនមិត្តភាព ព្រំដែនសហប្រតិប្តិតការ និងការអភិវឌ្ឍ។ បន្ថែមពីនេះ សម្តេច និងនាយករដ្ឋមន្ត្រី វៀតណាម មានបង្កើតព្រំដែនអន្តរជាតិ នៅតំបន់ X16 នាពេលអនាគត ក្នុងពេលសមស្របណាមួយផងដែរ។
សម្តចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ថ្ងៃអនាគតតំបន់ប្រវត្តិសាស្ត្រ X16 នេះនឹងក្លាយទៅជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា-វៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវរក្សាដីជាង១ពាន់ហិចតានេះ គឺធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានល្អ ដើម្បីទាក់ទាញវិនិយោគិននានា ចូលមកអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស បន្ថែមពីនេះ ត្រូវពិនិត្យលើប្រព័ន្ធសេវាទូរស័ព្ទ ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីតភ្ជាប់មកកាន់តំបន់ X16 នេជាដើម ដើម្បីផ្តល់ភាពងាយស្រួលការវិនិយោគ៕