ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូតដល់កោះកុងសម្រេចការសាងសង់បានប្រមាណ ៦៤%ហើយ
ភ្នំពេញ៖ នាថ្ងៃទី២៣ មិថុនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីបច្ចេកទេសធ្វើការត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសសាងសង់ និងពិនិត្យមើលវឌ្ឍនភាពដំណើរការ នៃការសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង ដែលរហូតមកដល់ពេលនេះសម្រេចការសាងសង់បានប្រមាណ ៦៤%ហើយ។
ការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៨៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ។
គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាននិងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។ ចំណាយថវិកាសាងសង់សរុបប្រមាណ១៨៨,៣៨លានដុល្លារសហអាមេរិក និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕