វត្ថុបុរាណជិត ៣០០មុខ និងបុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុធ្វើការដកហូត និងឃាត់ខ្លួន
ព្រះសីហនុ៖ វត្ថុបុរាណចំនួនជិត ៣០០មុខ និងបុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការដកហូត និងឃាត់ខ្លួន នៅចំណុចផែរូយ៉ាល់ ស្ថិតក្នុងក្រុម៣១ ភូមិ៣ ក្រុងព្រះសីហនុ។
កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ២០នាក់ ដឹកនាំដោយលោកឧត្តមសេនិយ៍ ហេង ប៊ុនទី មេបញ្ជាកាខេត្តរកងរាជអាវុធហត្ថ បានចុះធ្វើការឃាត់ខ្លួនបុរសម្នាក់ជាជនជាតិ ករណីលាក់ទុកក្រឡចាស់ៗជាច្រើន(សង្ស័យជាវត្ថុបុរាណ) ដែលរកឃើញពីបាតសមុទ្រ ។
ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការចូលរួមពីលោក ហួត វិចិត្រ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត និងលោក ប៊ុត បុប្ផា ប្រធានមន្ទីរ វប្បធម៌ខេត្ត ផងដែរ។
ក្នុងប្រតិបត្តិការនេះបានចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅចំណុចផែរូយ៉ាល ស្ថិតក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ និងបានដកហូតក្រឡទាំងតូច ធំ ចំនួន ២៨១ក្រឡ។
ប្រភពព័ត៌មានពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យជាជនជាតិវៀតណាមរូបនេះរស់នៅទំនប់រលកក្រុងព្រះសីហនុជាអ្នកជំនាញខាងមុជទឹកបាតសមុទ្រ និងជាពួករកស៊ីធ្វើលបធំៗដាក់ក្នុងសមុទ្រជ្រៅៗ កន្លះខែ ឬមួយខែទៅលើកយកលបម្ដង។ តាមចម្លើយជនសង្ស័យបានឲ្យដឹងដែរថា ខ្លួនបានមុជទឹកទៅយកលបដូចរាល់ដង ហើយក៏បានឃើញក្រឡជាច្រើននៅក្នុងសំពៅបូរាណលិចមួយនៅជិតព្រំដែនសមុទ្រខ្មែរ-ថៃ ខ្លួនក៏មុជទឹកទៅយកតែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងរក្សាទុកនូវអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីរងចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះមកពិនិត្យ និង អនុវត្តនីតិវិធីបន្ត ៕