សារលិខិតសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនជនរួមជាតិទាំងអស់ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
តាមរយៈសារលិខិតសម្ដេចតេជោបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២នេះ ដោយយល់ឃើញពីផលប៉ះពាល់ និងបញ្ហានានាដែលពិភពលោក ទាំងមូលបាន និងកំពុងប្រឈមយ៉ាងធ្ងន់ស្ទើរលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច សង្គមកិច្ច សុខុមាលភាព សង្គម និង មនុស្សធម៌ ដែលបាននឹងកំពុងបង្កឡើងដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅប្រទេស អ៊ុយក្រែននោះ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ត្រួតពិនិត្យគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) បានដាក់ចេញប្រធានបទ “ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌” (Addressing drug challenges in health and humatarance) ដើម្បីជំរុញនូវការលើកកម្ពស់ប្រសិទ្ធភាព នៃ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងកាលៈទេសៈដែលពិភពលោកបាន និងកំពុងជួបប្រទះទៅ នឹងបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងបរិបទ នៃវិបត្តិសុខភាព និងមនុស្សធម៌។