គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពញាចក្រី ហេង សំរិន៖ អបអរសាទរខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២​ |
    សម្ដេចពញាចក្រី ហេង សំរិន៖ អបអរសាទរខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន៖ អបអរសាទរខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨មិថុនានេះ នៅវិមាន៧មករា គណបក្សប្រជាជនកម្ពុជា បានរៀបចំអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ក្រោមអធិបតីភាព​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស, អនុប្រធានបក្សទាំង៤រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ,សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។

    តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចពញាចក្រី ហេង សំរិន បានលើកឡើងថា ថ្ងៃ២៨ មិថុនា ១៩៥១ ថ្ងៃ២៨ មិថុនា ២០២២ ជាខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ ឆ្នាំនេះយើងប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់គណបក្ស យ៉ាងមហោឡារិក អធិកអធម​ជាទីបំផុត បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ ដោយសារជំងឺកូវីដ១៩។ នៅក្នុងរយៈពេល ៧១ឆ្នាំមកនេះ យើងបានខិតខំ តស៊ូលះបង់ និងចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការបម្រើ ការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយបានឆ្លងកាត់ឧបសគ្គរាប់ម៉ឺន រាប់សែនជំពូក តែ​យើង​មិន​បានបោះបង់ប្រជាពលរដ្ឋនៅក្នុងគ្រាលំបាកណាមួយឡើយ ដូចពាក្យ​ស្លោក​របស់​យើងថា “គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារ ប្រជាជន និងដើម្បីប្រជាជន”។

    គណបក្ស​ប្រជាជនកម្ពុជា បានដឹកនាំ​ចលនា​តស៊ូ​ប្រឆាំង​របប​អាណានិគម​និយម​ ដើម្បី​ឯករាជ្យជាតិ បន្ទាប់មកពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ បានចូលរួម​យ៉ាង​សកម្មក្នុង​ការ​កា​រពារ​ឯករាជ្យ សន្តិភាព និងអធិបតេយ្យជាតិ ។ គណបក្សបានបន្តធ្វើការតស៊ូ ដើម្បី​រំដោះជាតិ​ពី​ការ​ឈ្លាន​ពាន​របស់បរទេស ពីភ្លើងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ និងបានរំដោះ​ប្រទេស​ជាតិ​ចេញ​ផុត​ពី​របបដ៏សាហាវយង់ឃ្នង ប្រល័យពួជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

    ដូចយើងបានដឹងគ្រប់គ្នាហើយ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំស្តារ និងកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេ។ ដៃម្ខាងយើងអភិវឌ្ឍប្រទេសជាតិ ដៃម្ខាងយើងខិតខំទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកជាថ្មី រួមនឹងការខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើការបង្រួបបង្រួមជាតិដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុងបានទាំងស្រុង ធ្វើឱ្យជាតិខ្មែរទាំងមូលរស់នៅក្រោមដំបូលបាវចនាតែមួយគឺ ជាតិ សាសនា និងព្រះមហាក្សត្រ។

    គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ សម្រេចបាន នូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ប្រទេសជាតិ និងប្រជាជនទទួលបានសុខសន្តិភាពទំាងផ្លូវកាយនិងផ្លូវចិត្ត។ អង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាពេលនេះ បានប្រារព្ធធ្វើឡើងស្របពេលដែលយើងទើបទទួលបានជ័យជម្នះយ៉ាងធំធេងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាពេលកន្លងមកថ្មីនេះ ដែលជាលទ្ធផលពលរដ្ឋបានបោះឆ្នោតគំាទ្រ ផ្តល់ការទុកចិត្ត និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ជាពិសេសការបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន ឃុំ/សង្កាត់ បន្តទៅមុខទៀត។

    ថ្នាក់ដឹកនាំគណបក្សនៅគ្រប់ថ្នាក់ សមាជិកសមាជិកាគ្រប់រូប បានប្តេជ្ញាចិត្តបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មក្នុងការកសាង​គណបក្សឱ្យកាន់តែ​រឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណបក្សឱ្យសម្រេចបានសមិទ្ធផលធំៗ និងថ្មីៗថែមទៀត នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខនេះ។

    សុខសន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។

    សូមបងប្អូនជនរួមជាតិ បន្តដំណើរជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ ឯកភាពជាតិ ដែលយើងទទួលបាន ដោយលំបាក សំដៅរួមគ្នា កសាង អភិវឌ្ឍន៍ប្រទេសជាតិ ទៅមុខទៀត ដើម្បីតម្កល់ទុកជាកេរមរតកសម្រាប់កូនចៅយើងនៅគ្រប់ជំនាន់ក្រោយៗទៀតជារហូតទៅ៕

    អត្ថបទទាក់ទង