ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «វេជ្ជសាស្ត្រសម្តេចតេជោ» ចុះព្យាបាលជំងឺដោយឥតគិតថ្លៃជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ក្នុងខេត្តឧត្ដរមានជ័យ
ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ» ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុប ចំនួន២១៤៥នាក់ នៅក្នុងស្រុកបន្ទាយអំបិល ខេត្តឧត្ដរមានជ័យ។
ពិធីនេះបានធ្វើឡើងនៅបរិវេណទីបញ្ជាការកងវរៈសេនាតូចអន្តរាគមន៍លេខ២៥១ ស្ថិតនៅក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរពីសុខទុក្ខ ព្រមទាំងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងបងប្អូនកងទ័ពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ លោកជំទាវ បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដែលបានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់ពេលព្រឹក មាននំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈសម្រាប់ប្រជាពលរដ្ឋទទួលទានផងដែរ។
ជាមួយនេះក៏បានចែកជូនវែនតាដល់លោកយាយ លោកតាចំនួន៥០០នាក់ សម្ភារសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ ខោអាវមនុស្សចាស់ និងចែករទេះរុញសម្រាប់ជនពិការចំនួន ១០គ្រឿង ថែមទៀត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ចំពោះការព្យាបាល ក្នុងចំនួនអ្នកមកទទួលសេវាពិនិត្យ ព្យាបាល ២១៤៥នាក់នេះ រួមមាន ៖ ការវះកាត់តូចចំនួន៦២នាក់ ពិនិត្យព្យាបាលរោគស្ត្រីចំនួន១១៨ នាក់ ពិនិត្យជំងឺទូទៅចំនួន ១០១៩នាក់ ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៨៤នាក់ និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន ១១២នាក់។ ផ្តល់ថ្នាំទំលាក់ដង្កូវពោះវៀន ២៥០នាក់ អប់រំណែនាំពីបញ្ហាសុខភាពចំនួន ១៤៥នាក់៕