សម្ដេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៤ចំណុច ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានជោគជ័យ
ភ្នំពេញ៖ ក្នុងឱកាសបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍គន្លឹះ៤ចំណុច ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខឲ្យទទួលបានជោគជ័យ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសនថា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្រ្តនេះឱ្យទទួលបានជោគជ័យខ្ពស់សម្ដេចសូមដាក់ចេញគោលការណ៍ និងផ្ដល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួន រួមមាន៖
ទី១. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម ។ ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាព ជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី និង កីឡាយូដូ ពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន ។
ទី២. អំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ “ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ” “កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ” “ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន” និង “កីឡារស់ក្នុងសន្តិភាព” ឱ្យបានផុសផុលទាំងក្នុង និងក្រៅប្រទេស ។
ទី៣. ស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូចក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ។
ទី៤. អំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទទួលបានជោគជ័យ ។
សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាបានរង់ចាំរយៈពេល ៦៤ ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ។ យើងបានខកខានចាប់យកឱកាសនេះ ជាច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួនប្រកបដោយសមត្ថភាព ពេញលេញ និងកៀរគរធនធានចាំបាច់ គ្រប់គ្រាន់ សម្រាប់ រៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះឱ្យបានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សម្ដេចតេជោបានគូសបញ្ជាក់ដែរថា នយោបាយគ្មានស្តង់ដារពិតប្រាកដទេ ប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាការប្រកួតកីឡាតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយល្អប្រសើរ និង ការរួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាព និងស្ថិរភាពសង្គម។ បច្ច័យវិជ្ជមាន និងផលប្រយោជន៍កីឡាលើកទឹកចិត្តឲ្យយើងទាំងអស់គ្នា ខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហការគ្នាក្នុង ស្មារតីបុរេសកម្ម និងអន្តរសកម្មក្នុងការកសាងវិស័យកីឡាជាតិនីមួយៗឱ្យបានផុសផុល រីកចម្រើនជាលំដាប់។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២៕