លិខិតមិត្តអ្នកអាន៖ តើអ្នកដឹងទេថា តើកម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា?
ប្រទេសកម្ពុជា ត្រូវបានគេប្រសិទ្ធនាមថាជាដែនដីសុវណ្ណភូមិ ដែលសម្បូរណ៍ទៅដោយធនធានធម្មជាតិច្រើនប្រភេទ ទាំងរ៉ែមាស ត្បូងមានតម្លៃ ព្រៃឈើ សមុទ្រ ទន្លេ បឹងបួរ ហើយកត្តាអាកាសធាតុក៏អំណោយផលល្អដល់ការរស់នៅរបស់មនុស្សសត្វ និងការដំាំដុះដំណាំគ្រប់ប្រភេទ។ លើសពីសម្បត្តិធម្មជាតិដ៏សំបូរបែបដែលរៀបរាប់មិនអស់ កម្ពុជាពិតជាមានសំណាងធំណាស់ ដែលមាននូវសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានបន្សល់ទុកពីដូនតាមក។ តាមរយៈវត្ថុបុរាណ បុរាណដ្ឋាន ប្រាង្គប្រសាទបុរាណ និងសម្បត្តិវប្បធម៌ទាំងរូបិយ និងអរូបិយជាច្រើនអនេក បានបង្ហាញពិភពលោកឱ្យដឹងថា កម្ពុជាពិតជាប្រទេសដែលមានអារ្យធម៌ដ៏រុងរឿងគួរជាទីមោទន។ ក្នុងអតីតកាល ខ្មែរធ្លាប់ជាមហានគរដ៏រុងរឿង សុះសាយ ល្បីរន្ទីនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍នេះ បើទោះបីប្រជាជាតិខ្មែរបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏គួរឱ្យសោកស្តាយនិងរន្ធត់នៅចុងសតវត្សទី២០កន្លងទៅនេះក្តី។
សម្រាប់ស្ថានភាពសង្គមជាតិនាពេលបច្ចុប្បន្ននេះ យុវជនជំនាន់ថ្មីដែលជាសរសរទ្រូងរបស់ប្រទេសជាតិ តើពួកគេយល់យ៉ាងណាដែរ?
តាមការធ្វើសង្កេតស្រាវជ្រាវលើការសិក្សារៀនសូត្រ ការងារ ប្រាក់ចំណូលគ្រួសារ និងជីវិតរស់នៅជាក់ស្តែងក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បានបង្ហាញថា ប្រជាជនសម័យថ្មីនេះ ជាពិសេស យុវជន យុវនារី ដែលកើតក្រោយថ្ងៃរំដោះ៧មករា ពួកគេកំពុងមានមោទនភាពនឹងជីវិតបែបស៊ីវីល័យ ភាគច្រើនមិនសូវខ្វល់ខ្វាយ ឬចាប់អារម្មណ៍ខ្លាំងទៅលើ រឿងរ៉ាវអតីតកាលរបស់កម្ពុជានោះទេ ដោយសារតែពួកគេរវល់តែផ្តោតការយកចិត្តទុកដាក់ខ្លាំង ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ទាំងការសិក្សារៀនសូត្រ និងការប្រកបរបរចិញ្ចឹមជីវិត។ ប្រជាពលរដ្ឋខ្មែរសម័យនេះ ពួកគេគិតគូខ្លាំងពីអនាគត និងការប្រកួតប្រជែងក្នុងបរិបទសាកលភាវូបនីយកម្មដ៏សម្បូរបែប។ បច្ចុប្បន្ន គេអាចនិយាយបានថា ការរីកចំរើនយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងលំហូរយ៉ាងលឿននៃការរស់នៅតាមបែបផែនវប្បធម៌សាកលភាវូបនីយកម្មមកក្នុងសង្គមកម្ពុជា បាននិងកំពុងនាំឱ្យយុវជនខ្មែរសម័យថ្មី ស្ទុះស្ទារ និងប្រឹងប្រែងខ្លាំងទៅលើការចង់ចេះចង់ដឹងនូវ ចំណេះវិជ្ជាថ្មីៗ បច្ចេកវិទ្យាថ្មី ដើម្បីជួយដល់ការប្រកបរបរចិញ្ចឹមជីវិត ការប្រកួតប្រជែងអាជីវកម្ម និងអនាគតរបស់ពួកគេនិងកូនចៅរបស់ពួកគេ។ យុវជនមួយចំនួនទៀត បាននិងកំពុងប្រឹងប្រែងកសាងឧត្តមភាព កេត្តិ៍ឈ្មោះក្នុងសង្គម និងគុណតម្លៃរៀងៗខ្លួន ដោយខ្លះខំរៀនក្នុងស្រុកឱ្យបានពូកែ ព្រមទាំងបន្តការសិក្សាទៅក្រៅប្រទេស និងជុំវិញពិភពលោក នូវថ្នាក់សិក្សាជាន់ខ្ពស់ថែមទៀតផង។ ការរីកចំរើនទាំងនេះ ជាកក្តាដែលធ្វើឱ្យប្រជាជនខ្មែរសម័យថ្មី រីកចំរើនខ្លាំងជាងមុន និងបានលឿនរហ័ស ទាំងចំណេះដឹង ការវិវត្តនៃផ្នត់គំនិត និងរីកចំរើនទាំងជីវភាព មុខរបរ និងសេដ្ឋកិច្ចសង្គមជាទូទៅផងដែរ។
ចុះអ្វីទៅជាកត្តាស្នូល ដែលជួយឱ្យប្រជាពលរដ្ឋខ្មែរសម័យបច្ចុប្បន្ន មានភាពរីកចំរើនបានលឿនរហ័ស ទាំងចំណេះដឹង ជីវភាព និងភាពស៊ីវីល័យ ដូចប្រទេសជឿនលឿននោះ? ចម្លើយដ៏ត្រឹមត្រូវសម្រាប់សំណួរនេះ គឺ កត្តាសុខសន្តិភាពទាំងស្រុង ទូទាំងប្រទេស ដែលកម្ពុជា កសាងបានក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរក្សាការពារបានជិត២៤ឆ្នាំមកហើយ គឺពិតជាសំខាន់លើសអ្វីៗទាំងអស់។ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជានឹងបន្តរីកចំរើនជឿនលឿនទៅមុខជាលំដាប់ឥតឈប់ឈរ។ ស្ថានភាពល្អប្រសើរនៃប្រទេសកម្ពុជាក្នុងសម័យបច្ចុប្បន្ននេះ គឺមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការដឹកនាំដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសព្វរបស់មេដឹកនាំខ្មែរសម័យបច្ចុប្បន្ន។ មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានទទួលស្គាល់ថាពិតជាមានទេពកោសល្យក្នុងការដឹកនាំខ្ពស់ និងមានភាពបត់បែនដ៏ឈ្លាសវ៉ៃ នៅគ្រប់ស្ថានការណ៍ទាំងអស់ ទាំងនយោបាយក្នុងស្រុក និងក្រៅស្រុក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភាពប៉ិនប្រសព្វក្នុងការចាត់ចែងកិច្ចការងារប្រទេសជាតិ មិនថាតែរឿងក្នុងប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ លោកពិតជាមានសមត្ថភាពដឹកនាំខ្ពស់មិនធម្មតា ដែលអាចឈរបានយ៉ាងរឹងមាំ និងស្វាហាប់ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើសកលលោក។
នៅក្នុងបរិបទនៃការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចនៅក្នុងភូមិសាស្ត្រនយោបាយបច្ចប្បន្ននេះ ធ្វើឲ្យយើងមើលឃើញកាន់តែច្បាស់ជាក់ស្តែងថា ប្រទេសកម្ពុជាគឺពិតជាមានសំណាងណាស់ ដែលអាចបន្តរស់នៅក្នុងសុខសន្តិភាព និងស្ថេរភាពសង្គមខណៈដែលប្រទេសមួយចំនួនក្នុងពិភពលោកកំពុងជួបបញ្ហាប្រឈមជាច្រើន ទាំងការរាតត្បាតនៃជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច សង្រា្គម ក៏ដូចជាកំណើនខ្ពស់នៃអតិផរណាផង ដែរ។ កម្ពុជាមានសំណាងណាស់ ដែលបានឆ្លងកាត់ដោយជោគជ័យនូវដំណាក់ការឆ្លងរាតត្បាតក្នុងសហគមន៍ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២១កន្លងទៅ។ មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា គឺមានសំណាងណាស់ដែលភាគច្រើនលើសលុបសុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសជំរុញទី៣ ដល់ទី៥រួចទៅហើយ។ នេះជាកក្តាជោគជ័យមួយដែលកម្ពុជា បង្កើតបាននូវភាពស៊ាំសហគមន៍ ដែលធ្វើឲ្យកម្ពុជាមានឱកាសងើបឡើងវិញពីវិបត្តិសកលដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ-១៩ បានលឿន។ ទាំងនេះគឺដោយសារកម្ពុជាមានមេដឹកនាំដ៏ឈ្លាសវៃនិងប្រសព្វប្រកបដោយគតិបណ្ឌិតគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
យើងគួរកកត់សំគាល់ថា បើត្រឹមតែកម្ពុជាមានភាពសុខសាន្តដូចបច្ចុប្បន្ននេះ កម្ពុជាពិតជាមានសំណាងធំណាស់ទៅហើយ ដូច្នេះក្នុងនាមពលរដ្ឋកម្ពុជា យើងគួរតែខិតខំ រួមគ្នាបន្ថែមទៀត ដើម្បីកសាងជាតិយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវ៉ៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបន្តរស់ក្នុងភាពសុខសប្បាយ និងទទួលបានភាពរីកចំរើនតទៅមុខទៀត៕
ដោយ៖ ស ជាតិ