គណបក្សនយោបាយមួយចំនួន ប្រកាសគាំទ្រការធ្វើវិសោធនកម្ម លើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីអង្គរដ្ឋសភា បានសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ រួចមក បណ្ដាគណបក្សនយោបាយមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុម័តនេះ ដោយគណបក្សទាំងនោះបានយល់ឃើញថាការធ្វើវិសោធនកម្មធម្មនុញ្ញលើកនេះ គឺបានអនុវត្តស្របទៅតាមរបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
សេចក្តីថ្លែងការណ៍ទាំងនោះរួមមានចេញពីគណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សកម្លាំងប្រជាធិបតេយ្យ។
ក្នុងសេចក្ដីថ្លែងការណ៍ទាំងនោះបានលើកឡើងស្រដៀងគ្នាថា សូមគាំទ្រពេញទំហឹងចំពោះកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
តាមសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយទាំងប្រាំពីរខាងលើនេះ បានបញ្ជាក់ថា «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឲ្យដំណើរការប្រព្រឹត្តទៅដោយរលួន នៅគ្រប់កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ដើម្បីការអភិវឌ្ឍប្រទេសជាតិមាតុភូមិឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្រ្ត និងប្រជាជនខ្មែរ»។
សូមបញ្ជាក់ថា សូមបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសំឡេង ១០៥លើ១០៦សំឡេង ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ៕