អាស៊ានប្រកាន់គោលជំហរមិនប្រែប្រួល គឺមិនយកប្រទេសដៃគូ និងមហាអំណាចណាជាដៃគូតែមួយផ្ដាច់មុខឡើយ
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១សីហាម្សិលមិញ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានថ្លែងថា គោលជំហររបស់អាស៊ានមិនប្រែប្រួលឡើយ ពោល គឺមិនយកប្រទេសដៃគូ និងមហាអំណាចណាដៃគូតែមួយឡើយ។ ឯកឧត្តម សង្កត់ធ្ងន់ថា អាស៊ានមានមជ្ឈភាព និងឯករាជ្យរបស់ខ្លួន ក្នុងការដាក់ចេញគោលជំហរ និងបទដ្ឋាន ដើម្បីស្របតាមអាទិភាពរបស់អាស៊ាន។
ឯកឧត្តមបានរំពឹងថា ប្រទេសដៃនានា ឬមហាអំណាចនឹងមិនយកវេទិកា ឬកិច្ចប្រជុំនាពេលខាងមុខជាការបន្ទុចបង្អាប់នោះទេ ផ្ទុយទៅវិញកម្ពុជាសង្ឃឹមថា ប្រទេសដៃគូនឹងប្រើប្រាស់កិច្ចប្រជុំជាទម្រង់ផ្តល់លទ្ធភាពឲ្យទាំងអស់គ្នា រួមគ្នា ដោះស្រាយស្រាយបញ្ហា ដាក់ចេញគោលនយោបាយ ឬជំហាន ដើម្បីបន្ថយភាពតានតឹង ដើម្បីប្រជាជាតិរីកចម្រើន។
ឯកឧត្ដម គង់ ភោគ បានមានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នឹងផ្តោតលើមូលបទធំរបស់កម្ពុជា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន គឺការដោះស្រាយបញ្ហាប្រឈមរួមគ្នា រួមមាននយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍសង្គម ជាពិសេសការកសាងអាស៊ានក្លាយជាសហគមន៍មួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាស៊ាន។
ឯកឧត្តម បន្តថា ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានតាំងពីដើមឆ្នាំ២០២២ មានចំនុចអាទិភាពដែលបណ្តាប្រទេសសមាជិកអាស៊ានត្រូវលើមកពិភាក្សាពាក់ព័ន្ធការអនុវត្តរបស់កម្ពុជាដូចជា កាលានុវត្តន៍ភាព និងការត្រៀមកិច្ចប្រជុំកំពូលសម្រាប់ចុងឆ្នាំទាំងផ្នែកសន្តិសុខ ការធានាសន្តិភាពក្នុងតំបន់ និងការងើបឡើងពីវិបត្តិកូវីដ១៩ ដើម្បីឲ្យអាស៊ានអនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥, សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។
បន្ទាប់ពីនោះ បណ្តារដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍ការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ ខណៈរដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ផងដែរ៕
ប្រភព៖BTVNews