កម្ពុជា និងក្រិក ពិភាក្សាពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Nikos Dendias រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋក្រិក បានពិភាក្សាអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេល ជំនួបទ្វេភាគី នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រៀបចំដោយកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស Nikos Dendias បានរំលឹកឡើងវិញដោយក្តីពេញចិត្តចំពោះការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ប្រកបដោយផ្លែផ្ការវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងអាថែន។