សម្ដេចតេជោ ហ៊ុន សែន លើកជាគំនិតផ្ដួចផ្ដើមចំនួន២ ស្នើទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានលើកជាយោបល់ពាក់ព័ន្ធគំនិតផ្ដួចផ្ដើមចំនួន២ និងបានឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពីចារណា និងផ្ដល់ការគាំទ្រ ដើម្បីដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាន នៃជីវិត ក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងពាក់ព័ន្ធនឹងវិធានការ ដើម្បីស្ដារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាព។ គំនិតផ្ដួចផ្ដើម របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ។
គំនិតផ្តួចផ្ដើមទីមួយ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិតក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។ រហូតមកដល់ពេលនេះ អាស៊ាន បាននិងកំពុងដាក់ចេញនូវដំណោះស្រាយជាគោលនយោបាយជាច្រើន ប៉ុន្តែការឆ្លើយតបរបស់យើង ហាក់នៅផ្ដោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។ អាស៊ានចាំបាច់ត្រូវជំរុញកិច្ចការនេះ បន្ថែមទៀតតាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវកលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្ដល់ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ។ បើតាមសម្តេចតេជោ ជាការប្រសើរ ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្ដួចផ្ដើមបង្កើតក្របខណ្ឌធំទូលាយមួយ ដែលសម្តេចតេជោហៅថាជា កិច្ចព្រមព្រៀងបៃតងអាស៊ាន សំដៅអនុញ្ញាតឱ្យតំបន់យើងអាចប្រែខ្លួនបន្ដិចម្ដងៗ ឆ្ពោះទៅអនាគតបៃតងមួយដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធិភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។ កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្ដប់ទៅលើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការប្រើប្រាស់ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ។
គំនិតផ្ដួចផ្ដើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្ដារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាព។ សម្តេចតេជោបញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេសទាំងនោះថា អាស៊ានបានឯកភាពអនុវត្តគំនិតផ្ដួចផ្ដើម និងកម្មវិធីនានា ក្រោមយុទ្ធសាស្ត្រធំទី៣ ដែលសំដៅកង្កើនជាអតិបរមានូវសក្ដានុពលនៃទីផ្សារអន្តរអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន។ សម្តេចតេជោ ក្នុងនាមប្រធានអាស៊ាន ជឿថាយើងត្រូវការជាចំាបាច់នូវលេខាធិការរដ្ឋាដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធិភាព នូវកិច្ចព្រមព្រៀងអាសិប(RCEP) ដែលបានចូលជាធរមានកាលពីខែមករា កន្លងទៅ។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់លេខាធិការដ្ឋានអាសិបនេះ ហនៅរាជធានីភ្នំពេញ និងបាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង។ សម្តេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើរនេះជាផ្លូវការ៕