ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០
នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ព្រឹទ្ធសភាបានអនុម័តទាំងស្រុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។
វិមានព្រឹទ្ធសភានៅព្រឹកនេះតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងរាជរដ្ឋាភិបាល អមដំណើរដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងគណៈប្រតិភូពីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសម័យប្រជុំលើកទី៩ នីតិកាលទី៤ នៃព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ និងដែលត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួច, ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយសំឡេងទាំង ៥៧ នៃចំនួនសមាជិកព្រឹទ្ធសភាដែលបានចូលរួមប្រជុំ ដែលសំឡេងនេះមានចំនួនលើសពីរភាគបីនៃសំឡេងសមាជិកព្រឹទ្ធសភាទាំងមូល៕