ប៉ាគីស្ថាន ចង់ឱ្យកម្ពុជាបើកស្ថានទូតនៅទីក្រុងឥស្លាមម៉ាបាត និងជំរុញកិច្ចសហការវិនិយោគលើវិស័យសេដ្ឋកិច្ច និងវិស័យដទៃទៀត
ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពព្រឹកថ្ងៃទី៦សីហា ឯកឧត្តម ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានបានជម្រាបជូនសម្ដេចអំពីគោលបំណងចង់ឱ្យកម្ពុជាបើកស្ថានទូតនៅទីក្រុងឥស្លាមម៉ាបាត និងចង់ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសេដ្ឋកិច្ចនិងវិស័យដទៃទៀតរវាងប្រទេសទាំង២។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ថា ជាមួយនឹងការសាទរវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលកម្ពុជាបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងដៃគូពាក់ព័ន្ធបានយ៉ាងល្អ ឯកឧត្តម ក៏បានអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនកិច្ចផ្លូវការការនៅប៉ាគីស្ថាន និងសុំសម្ដេចពិចារណាបើកស្ថានទូតនៅទីក្រុងអ៊ីស្លាម៉ាបាតផងដែរ។
ឯកឧត្តម ហ្សាដារី បានគោរពថ្លែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោដែលកម្ពុជាបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ្សាដារី ដែលបានអញ្ជើញមកចូលរួមប្រជុំនៅរាជធានីភ្នំពេញ ហើយសម្ដេច មានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះគឺចំពេលដែលមានការចម្រូងចម្រាស់យ៉ាងខ្លាំងដូចជាករណីនៅប្រទេសមីយ៉ាន់ម៉ា ករណីសមុទ្រចិនខាងត្បូង ករណីសង្គ្រាម នៅប្រទេសអ៊ុយក្រែជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងបានរួមគ្នាធ្វើការរហូតទទួលបានជោគជ័យ។
សម្ដេច ក៏បានទទួលយកនូវការអញ្ជើញសម្ដេចទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថានហើយក៏បានទទួលឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំឱ្យពិចារណាបើកស្ថានទូតកម្ពុជានៅទីក្រុងអ៊ីស្លាម៉ាបាត។
ឆ្លើយតបទៅនឹងសក្កានុពលនៃកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរសម្ដេចបានលើកទឹកចិត្តឲ្យឯកឧត្ដម ហ្សាដារី ជំរុញលើកទឹកចិត្តឱ្យវិនិយោគិនប៉ាគីស្ថានមកកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបាន ជាពិសេសលើវិស័យដែលឯកឧត្តមបានលើកឡើងនោះគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទេសចរណ៍ និងវិនិយោគជាដើម ៕
BTVNews