សម្តេចតេជោ ហ៊ន សែន អំពាវនាវស្វែងរកប្រវត្តិរូបថត ៤សន្លឹក ដែលអាចទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ន សែន នាយករដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បានដឹងពីប្រភពរូបថត ៤សន្លឹក ដែលសម្ដេចទើបបានទទួលតាមរយៈ Messenger Facebook ថ្មីៗនេះ ដោយសម្ដេចបានបញ្ជាក់ថា រូបថតទាំងនេះអាចទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបណ្តាញសង្គម Facebook ថា “សូមអរគុណចំពោះបងប្អូនដែលបានផ្តល់រូបថតមកឲ្យខ្ញុំ តាមរយៈ Messenger Facebook ។ រូបថតដែលបញ្ជូនមកមានមួយចំនួន ខ្ញុំមិនដែលបានឃើញពីមុន មិនដឹងថា ថតនៅពេលណា នៅទីណា និងអ្នកណាជាអ្នកថត? លើកនេះមានរូបថត៤សន្លឹកដែលខ្ញុំគិតថាថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់ក និងផ្លាកសញ្ញា សម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់ គឺកន្លែង និងពេលវេលា។ ខ្ញុំសង្ស័យ ៥កន្លែង ឬ៥ប្រទេសគឺ៖
១.ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM)ទាំងពីលក១៩៨៨.១៩៨៩ និងការប្រជុំរៀបចំសមាសភាព SNC1991 នៅឥណ្ឌូណេស៊ី។
២.សន្និសិទប៉ារីសចាប់ផ្តើមដំបូង១៩៨៩ នៅប្រទេសបារាំង។
៣.ការប្រជុំបង្កើត SNC នៅតូក្យូប្រទេសជប៉ុន១៩៩០។
៤.ការប្រជុំ SNC នៅបាងកកឬប៉ាតាយ៉ាប្រទេសថៃ១៩៩១។
៥.ការប្រជុំ SNC នៅប៉េកាំងប្រទេសចិន១៩៩១។
ខ្ញុំសូមអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះជួយប្រាប់ព្រោះរូបថតទាំងនេះ ទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា”៕