ប្រមុខការទូតកម្ពុជា បញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី និងបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីពិចារណាវិនិយោគលើវិស័យប្រកបដោយសក្តានុភាពផ្សេងទៀត រួមមាន កសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះក្នុងជំនួបជាមួយប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាង ក្រុមហ៊ុនជាដៃគូនៅកម្ពុជា ចំនួនប្រមាណ ១៥០រូប កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។ បេសកកម្មធុរកិច្ចរបស់ប្រតិភូវិនិយោគិនម៉ាឡេស៊ីនេះ ត្រូវបានរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងស្វែងយល់ពី សក្តានុពលនៅប្រទេសកម្ពុជា។ នេះជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ហើយបេសកកម្មធុរកិច្ចម៉ាឡេស៊ីនេះ គឺជាបេសកកម្មធុរកិច្ចលើកទី២ មកកាន់ កម្ពុជាផងដែរ បន្ទាប់ពីភាពជោគជ័យនៃបេសកកម្មធុរកិច្ចលើកទី១ របស់ប្រតិភូម៉ាឡេស៊ីពីសហគ្រាស ធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និង សម្តែងក្តី សោមនស្សរីករាយ ដែលកម្មវិធីនេះប្រព្រឹត្តិឡើងចំថ្ងៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី ស្របពេលឆ្នាំ២០១២នេះ ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បី ជំរុញការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច របស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ច ម៉ាឡេស៊ីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាឡេស៊ីចំពោះតថភាពសេដ្ឋកិច្ច ស្ថិរភាព នយោយបាយ និងយុទ្ធសាស្ត្រស្តារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា៕