គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិ​សណ្ឋារកិច្ច​ផ្លូវការ​ជូន​នាយករដ្ឋមន្ត្រី នៃ​សាធារណ​រដ្ឋគុយបា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិ​សណ្ឋារកិច្ច​ផ្លូវការ​ជូន​នាយករដ្ឋមន្ត្រី នៃ​សាធារណ​រដ្ឋគុយបា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិ​សណ្ឋារកិច្ច​ផ្លូវការ​ជូន​នាយករដ្ឋមន្ត្រី នៃ​សាធារណ​រដ្ឋគុយបា

    ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ទទួល​បដិសណ្ឋារកិច្ច​ផ្លូវការ​ជូន​ចំពោះ​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣​ថ្ងៃ។​

    ពិធីបដិសណ្ឋារកិច្ចផ្លូវការដោយមានពិធីត្រួតពលផងនោះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត រវាងថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួ​ម​ពី​បណ្ដាអង្គ​ទូ​​ត​នានានៅព្រះរាជាណាចក្រកម្ពុជា , មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រី​ប្រតិភូ​នៃ​សាធារណ​រដ្ឋ​គុយបាជាច្រើនរូប។

    បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន បា​នជំនួបពិភាក្សាការងារទ្វេរភាគី ជាមួយ នាយក​រដ្ឋមន្ត្រី​គុយបាផងដែរ។ នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម នាយក​រដ្ឋមន្ត្រី​គុយបា បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាតំបន់ផង និងបញ្ហា​ពិភព​លោក​ផង​។ ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា បានគោរព​សម្ដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅជា​ទីបំផុត ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដីជាទីបំផុតសម្រាប់ឯកឧត្តម និង​ប្រតិភូ​មក​កាន់កម្ពុជា ។

    ឯកឧត្តម ម៉ានូអែល គោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅនៅប្រទេសគុយបា ដែល​រួម​មាន៖ ស្ថានភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩, ស្ថានភាព​នៃ​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច​នៅ​ប្រទេស​គុយបា។ ឯកឧត្តម ក៏បានសំដែងនៅឆន្ទៈ ក្នុងការពង្រឹង និងពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាន នៃទំនាក់ទំនងដែលមានស្រាប់, ជំរុញការ​អនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះ​រួម​មាន​ទាំង​វិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។ ក្នុងជំនួបនេះឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណ​កម្ពុជា​ដែល​បាន​ផ្ដល់​អង្ករ​ចំនួន​ ៦ពាន់​តោន​ ដល់ប្រទេសគុយបាផងដែរ។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាព​ចំពោះ​អ្វី​ដែល​បាន​លើក​ឡើង​ដោយ​ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ហើយសម្ដេច ក៏បាន​លើក​ឡើង​នូវ​ការ​វាយ​តម្លៃ​ខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបា បានទទួល នោះគឺ​ការ​ស្រាវជ្រាវ​លើ​វិស័យសុខាភិបាល, ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ច​សហប្រតិបត្តិការ​ជា​មួយ​កម្ពុជា ជាពិសេស លើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀតដែលជារួមមាន៖ វិស័យ​កីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម។

    ឆ្លៀត​ក្នុងឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសំដែង​នូវអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជា​ទីបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជា​ពិសេស នៅពេលដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុត គឺនៅពេលដែលកម្ពុជា ត្រូវ​បាន​រំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់​នូវ​ការ​ឧបត្ថម្ភ​លើ​វិស័យ​សុខាភិបាល និងវិស័យដទៃទៀត ដល់កម្ពុជា។

    បន្ទាប់ពីជំនួបទ្វេភាគីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Manuel Marrero Cruz នាយករដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋគុយបា បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន០២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ដែលឯកសារចំនួន០២នោះ រួមមាន:

    ១- កម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំ ២០២២ ដល់ ២០២៧។

    ២- កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំកាយ វប្បធម៌ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិ កីឡា អប់រំ កាយ និងកម្សាន្ដនៃសាធារណរដ្ឋគុយបា។

    នាល្ងាចថ្ងៃដដែរនេះ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី​​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​បំពេញ​ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

    ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជានាពេលនេះ ធ្វើឡើង​តបតាម​ការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ធ្វើឡើងប្រមាណ២សប្តាហ៍បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញបំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ជា​លើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។

    តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋគុយបា នាពេលនេះ នឹងបានបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យ​ពាណិជ្ជ​កម្ម និងការវិនិយោគ សេដ្ឋកិច្ច​សង្គម ,អប់រំ សុខាភិបាល និងវប្បធម៌ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែមានភាពល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ៕

    អត្ថបទទាក់ទង