ថ្ងៃនេះជាព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា បានដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងគម្រប់ខួប១០ព្រះវស្សានៃការយាងសោយព្រះទិវង្គត់របស់ព្រះអង្គ នៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យ។ ដោយឡែកសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសក៏បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គតាមទីកន្លែងរបស់ខ្លួនផងដែរ។
សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធក្នុងជន្មាយុ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង៣រសៀល។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជារាស្រ្តខ្មែរទាំងមូល៕