សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់
នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។
និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីទាំងអស់នេះ សុទ្ធតែមានការងារធ្វើ និងប្រមាណ ១០% នៃនិស្សិតថ្នាក់បរិញ្ញាបត្រ មានអាជីវកម្មខ្លួនឯងផងដែរ។
នៅថ្ងៃនេះ មុននឹងថ្លែងទៅនិស្សិត សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកចូលរួមក្នុងពិធីចែកសញ្ញាបត្រទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់កុមារា កុមារី ដែលបានស្លាប់បាត់បង់ជីវិតដោយសារការលិចទូក នៅស្រុកលើកដែក ខេត្តកណ្ដាលថ្មីៗនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព។
សម្តេចតេជោ ក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទានព្រះរាជទ្រព្យរំលែកមរណទុក្ខជាមួយគ្រួសារសព។ សម្តេចតេជោក៏បានមានប្រសាសន៍កោតសរសើរដល់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែលបានប្រឹងប្រែងរួមគ្នាជួយដល់សង្គ្រោះ និងរុករកសពជនរងគ្រោះ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះនិស្សិតដែលទទួលបានជ័យលាភី និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះការប្រឹងប្រែងអភិវឌ្ឍន៍ និងពង្រឹងគុណភាពអប់រំឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ សម្តេចតេជោ បានមានប្រសាសន៍រំលឹក ថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កម្ពុជាពិតជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ តែបច្ចុប្បន្នកម្ពុជាបានបណ្តុះបណ្តាលបានធនធានមនុស្សជាច្រើន។ ការអភិវឌ្ឍជាតិ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ដែលមិនអាចមើលរំលងបាននោះទេ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅកែព័ត៌មានអត្តសញ្ញាណបណ្ណ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយសម្តេច ក៏បានអំពាវនាវដល់យុវជនដែលត្រូវដល់អាយុបោះឆ្នោត សូមនាំគ្នាទៅចុះឈ្មោះបោះឆ្នោត។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រវាងខេត្តទាំងពីរឲ្យបានឆាប់។
សម្តេចតេជោបានទម្លាយថា ការមិនអាចកំណត់ព្រំប្រទល់ដែនខេត្តទាំងពីរ ដោយសារមានអ្នកធំមានដីនៅកន្លែងនោះ មិនចង់ឱ្យមានការកាត់ទៅខេត្តប៉ៃលិន ហើយព្យាយាមបង្កការរាំងស្ទះ ដូច្នេះសម្ដេចសូមឲ្យខេត្តទាំងពីរពន្លឿនការងារនេះឲ្យបានឆាប់។
នៅថ្ងៃនេះ ពាក់ព័ន្ធទៅនឹងគ្រោះមហន្តរាយដោយទឹកជំនន់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ដល់អ្នកពាក់ព័ន្ធអោយពន្លឿនការងារវាយតម្លៃផលប៉ះពាល់ និងផ្តល់ពូជស្រូវជូនកសិករឲ្យបានឆាប់បំផុត។ ហើយសម្តេចតេជោក៏បានផ្តាំដល់មន្ត្រីកសិកម្មទាំងអស់ សូមកុំជិះសេះមើលផ្កា ត្រូវគិតគូរពីការលំបាករបស់ប្រជាកសិករជាធំ ជាពិសេសអំឡុងពេលនៃគ្រោះធម្មជាតិទឹកជំនន់ ដែលប៉ះពាល់ដល់ផលដំណាំរបស់ពួកគាត់នេះ។
សម្តេចតេជោក៏បានថ្លែងអំណរគុណដល់សប្បុរសជន និងកាកបាទក្រហមកម្ពុជា ដែលបាននាំជំនួយស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាបន្តបន្ទាប់រយៈពេលថ្មីៗនេះ។ សម្តេចតេជោក៏បានណែនាំឱ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយទឹកប្រាក់ជាង ២លានដុល្លារ។ សម្តេចតេជោក៏បានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ អោយមានការយោគយល់ និងអនុគ្រោះដល់ជនរងគ្រោះដោយទឹកជំនន់ផង។
ជាមួយនឹងការអបអរសាទរចំពោះនិស្សិតជ័យលាភីប្រមាណជាង៦ពាន់នាក់ នៅថ្ងៃនេះ សម្ដេចតេជោ ក៏បានជូនពរឲ្យនិស្សិតទាំងអស់សូមទទួលបាននូវក្តីសុខ សេចក្តីចម្រើន និងជោគជ័យជាបន្តបន្ទាប់ទៀត៕