គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បេសកជនពិសេសនៃប្រធានអាស៊ាន ស្វាគមន៍ការដោះ​លែង​អ្នក​ទោស​ទ្រង់ទ្រាយធំ​នៅ​ប្រទេសមីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    បេសកជនពិសេសនៃប្រធានអាស៊ាន ស្វាគមន៍ការដោះ​លែង​អ្នក​ទោស​ទ្រង់ទ្រាយធំ​នៅ​ប្រទេសមីយ៉ាន់ម៉ា បេសកជនពិសេសនៃប្រធានអាស៊ាន ស្វាគមន៍ការដោះ​លែង​អ្នក​ទោស​ទ្រង់ទ្រាយធំ​នៅ​ប្រទេសមីយ៉ាន់ម៉ា

    ភ្នំពេញ៖ បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា សូមស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោក ច ទិនស្វេ  អតីតរដ្ឋមន្ត្រីការិយាល័យទីប្រឹក្សារដ្ឋ អ្នកស្រី ឡី ឡី ម៉  អតីតអភិបាលតំបន់តានីនតាយី (Tanintharyi)  លោក ម្ញា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់៨៨៨៨    បណ្ឌិត ម្ញោ ញុនត៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យនៃបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD)    លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការកណ្តាលបក្ស NLD    លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD      សាស្រ្តាចារ្យ ម៉ោង តាឆូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ារ   លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី   លោកសាស្រ្តាចារ្យ សន ធើណែល  ជាអតីតទីប្រឹក្សានយោបាយសេដ្ឋកិច្ចរបស់លោកស្រី អោង សាន់ស៊ូជី    លោក តូរូ គូបូតា ជាអ្នកកាសែត និងផលិតករភាពយន្តជប៉ុន   និងលោក ច ថេ អ៊ូ ជាពលរដ្ឋអាមេរិក។

    បេសកជនពិសេសចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថាជា កាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសំរេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤មេសា ឆ្នាំ២០២១។

    ក្នុងបំណងបន្តកិច្ចប្រឹងប្រែងដែលបានធ្វើតាំងតែពីដើមអាណតិ្តជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ   បេសកជនពិសេសនឹងធ្វើដំណើរទស្សនកិច្ចលើកទី៣ដូចបានគ្រោងទុកកន្លងមក  នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ   ដោយសង្ឃឹមថានឹងអាចសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតលើអាទិភាពចំនួនបីនៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច  គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាប័ន្ន៕

    អត្ថបទទាក់ទង