សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វឿង ឌីញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃប្រទេសវៀតណាម។
តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម វឿង ឌីញហ្វេ បានគោរពសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានកម្មវិធីជាច្រើនបានរៀបចំឡើងក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់ដឹកនាំ ទាំងរវាងប្រជាជននិងយុវជន។
ឯកឧត្តម ក៏បានគោរពសម្ដែងនូវការសាទរ ជូនចំពោះសម្ដេចតេជោផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងជោគជ័យ បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ និងបានសំដែងនូវការអបអរសាទរផងដែរ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងធំធេង។
ឯកឧត្តមក៏បានសម្ដែងសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដែលក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ហើយក៏បានឆ្លៀតឱកាសនេះ ស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរ និងឲ្យបានគ្រប់វិស័យ។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វឿង ឌីញហ្វេ ចំពោះការវាយតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផង។សម្ដេចតេជោបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានសភាវៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត៕