សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយឯកឧត្ដម ទិត ឌីណា និងលោក យ៉ង សាំងកុមារ, លោក ឡឹក សុធារ លើការងារកសិកម្ម
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ចូលជួបពិភាក្សាការងារលើផ្នែកកសិកម្មនៅឯភូមិគ្រឹះរបស់សម្តេច បន្ទាប់ពីលោកទាំងពីររូបនេះ បានសុំចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងជំនួបនេះក៏មានឯកឧត្ដម ទិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ។
តាមរយៈហ្វេសបុកសម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង់ សាំងកុមារ ព្រមទាំងលោក ឡឹក សុធារ លើការងារកសិកម្ម ដែលលោកទាំងពីរនាក់ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។
សូមបញ្ជាក់ថា លោកបណ្ឌិត យ៉ង សាំង កុមារ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីៗនេះ។
នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយលោកបណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងពីមូលហេតុដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ។
តាមរយៈលិខិតស្នើសុំរបស់លោកយ៉ង សាំង កុមារបានសង្កត់ធ្ងន់ថា«ដោយឃើញនូវគោល នយោបាយរបស់សម្តេចតេជោ លើវិស័យកសិកម្ម ដែលសម្តេចទើបបានប្រកាសថ្មីៗ ក្នុងនោះមានគោលនយោបាយ លើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជ ស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយកាត់បន្ថយថ្លៃដើមផលិត គោល នយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្ម និងជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទី ផ្សារកសិផល ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំ មកនូវផ្លែផ្កា និងប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋទាំងមូល។ គោលនយោបាយទាំងនេះ គឺ ដូចគ្នាទៅនឹងចំណេះដឹងនិងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំកន្លងមក»។
តាមរយៈលិខិតស្នើសុំនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់បន្ថែមផងដែរថា ការដែល លោកសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺដើម្បីចូលរួមអនុវត្តន៍ គោលនយោបាយខាងលើនេះ ឲ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិជាដើម៕