អ្នកនាំពាក្យ គ.ជ.ប ៖ គណបក្សនយោបាយណា បង្កអសណ្ដាប់ធ្នាប់សង្គម នឹងត្រូវប្រឈមចំណាត់ការរបស់ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានលើកឡើងថា អំឡុងដំណើរចុះឈ្មោះបោះឆ្នោតនេះ ប្រសិនគណបក្សនយោបាយណាបង្កអសណ្តាប់ធ្នាប់សង្គមនោះ នឹងត្រូវប្រឈមចំពោះចំណាត់ការក្រសួងមហាផ្ទៃ។
ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលានេះ ការចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត បានប្រកបទៅតាមនីតិវិធី ប៉ុន្តែតាមការសង្កេតរបស់ គ.ជ.ប មានភាគីពាក់ព័ន្ធដែលជាគណបក្សនយោបាយចូលរួមសង្កេតការណ៍ដំណើរការចុះឈ្មោះបោះឆ្នោតធ្វើការប្រតិកម្ម ឬ កត់សម្គាល់ចំពោះបញ្ហាការអនុវត្តរបស់មន្ត្រីចុះឈ្មោះបោះឆ្នោតទៅតាមបណ្តាញសង្គម ដែលនេះ បង្ហាញពីភាពភ័ន្តច្រឡំនៃការអនុវត្តរបស់ គជប ក៏ដូចជា ភាគីពាក់ព័ន្ធ។
ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ក្នុងនីតិវិធីនៃដំណើរការចុះឈ្មោះបោះឆ្នោតភាគីពាក់ព័ន្ធ ឬបណ្តាគណបក្សនយោបាយមានសិទ្ធិក្នុងការដាក់បណ្តឹងប្រសិនសង្កេតឃើញភាពមិនប្រក្រតី គណបក្សនយោបាយនោះមិនគួរប្រើប្រាស់បណ្តាញសង្គមវាយប្រហារលើស្ថាប័នរបស់ គជប ឡើយ ដូច្នេះ ក្រសួងមហាផ្ទៃមានសមត្ថកិច្ចចាត់វិធានការលើគណបក្សនយោបាយទាំងឡាយណាដែលបង្កអសណ្តាប់ធ្នាប់ជាដើម។
ដោយឡែក ក្រុមមន្ត្រីចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត បានលើកឡើងថា ក្នុងមួយសប្តាហ៍កន្លងមកនេះ ដំណើរការចុះឈ្មោះមានសកម្មភាពផុលផុស និងការចូលរួមយ៉ាងម៉ត់ចត់ពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជា តំណាងគណបក្សនយោបាយផងដែរ។
គិតត្រឹមរយៈពេល៦ថ្ងៃ នៃការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសមានប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៨៦,៩៤៦នាក់ ខណៈតាមការប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ របស់ គជប ចំនួនប្រជាពលរដ្ឋគ្រប់អាយុ ដែលត្រូវចុះឈ្មោះបោះឆ្នោតសរុបនៅទូទាំងប្រទេសមានចំនួនប្រមាណ ៣០ម៉ឺននាក់ ដោយការចុះបោះឆ្នោតនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ៕ ប្រភព៖ BTVNews