សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជន ដែលបានបរិច្ចាគថវិកាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញលិខិតថ្លែងអំណរគុណដល់សប្បុរសជន ដែលបានបរិច្ចាគថវិកាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
ក្នុងស្ថានភាពដែលបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជាកំពុងជួបវិបត្តិគ្រោះទឹកជំនន់មកដល់ថ្ងៃនេះមានសប្បុរសជនមួយចំនួនបានបរិច្ចាកថវិកាផ្ទាល់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
ឆ្លើយតបនឹងកាយវិការដ៏ប្រពៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិតថ្លែងអំណរគុណដល់សប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់។
សម្ដេចបានមានប្រសាសន៍ថា ជំនួយដែលលោកឧកញ៉ានិងលោកជំទាវ បានផ្ដល់ជូនរាជរដ្ឋាភិបាលជាទឹកប្រាក់មួយរយពាន់ដុល្លារ ជាកិច្ចរួមចំណែកក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជនដែលកំពុងទទួលរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់ ពិតជាមានតម្លៃក្នុងក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ដែលមិនអាចកាត់ថ្លៃបាន។
ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាយើង សម្ដេចសូមថ្លែងអំណរគុណនឹងកោតសរសើរដោយស្មោះចំពោះទឹកចិត្តសប្បុរសដ៏ថ្លៃថ្លារបស់លោកឧកញ៉ានិងលោកជំទាវ៕